ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានហ្វីលីពីន និងក្រុមភេរវកម្ម​ Abu Sayyafវាយប្រហារគ្នាស្លាប់ និងរបួសជាច្រើន

ចែករំលែក៖

កម្លាំងទាហានរដ្ឋាភីបាលហ្វីលីពីន​ និងក្រុមឧទ្ទាម Abu Sayyaf បានវាយប្រហារគ្នាយ៉ាងខ្លាំងនៅតំបន់ព្រៃស្ថិតនៅលើកោះ​ Jolo ​ខេត្ត​ Sulu និងវាយប្រហារ​មួយកន្លែងទៀតនៅកោះ​ Basilan ។

ទាហានហ្វីលីពីនបញ្ជាក់ទៀតថា មេឧទ្ទាម Abu Sayyaf ម្នាក់ឈ្មោះ Angah Ajid និងម្នាក់ទៀតឈ្មោះ Sarih Edris ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នានេះ ។ ខាងកម្លាំងទាហានបានទទួលព័ត៌មានពីអ្នកភូមិ អំពីវត្តមានរបស់ក្រុមឧទ្ទាមនេះ ។

មេឧទ្ទាម Ajid នេះហើយ ជាមេឧទ្ទាមចុងក្រោយគេ ដែលត្រូវសម្លាប់ បន្ទាប់ពីចូលរួមក្នុងសកម្មភាពជាប់ជំរិតមនុស្សនៅតំបន់ Sipadan ឆ្នាំ២០០០ ។ កាលណោះ ក្រុមឧទ្ទាម Abu Sayyafបានចាប់ជំរិតមនុស្ស២១នាក់ ក្នុងនោះមានជនបរទេសមកពីអឺរ៉ុបផងដែរទាមទារប្រាក់លស់ ។

សូមបញ្ជាក់ថា ក្រុមឧទ្ទាម Abu Sayyaf បង្កើតឡើងក្នុងទសវត្សរ៍១៩៩០ ។ ក្រុមនេះល្បីល្បាញ់ពាសពេញពិភពលោកពីសកម្មភាពចាប់ជំរិតមនុស្សទាមទារប្រាក់លស់ និងកាត់ក្បាលជនរងគ្រោះដែលជាចំណាប់ខ្មាំងមិនរើសមុខ ។

រដ្ឋាភិបាលហ្វីលីពីន បានបង្កើតកងពលទាហានពិសេសមួយដើម្បីបោសសម្អាតក្រុមឧទ្ទាម នៅតំបន់ភាគខាងត្បូងមួយនេះ ។ កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅ ក្រុមឧទ្ទាម Abu Sayyafនេះឯងហើយ ដែលបានវាយប្រហារគ្រាប់បែក២គ្រាប់ នៅព្រះវិហារសាសនា ក្នុងតំបន់ Jolo ខេត្តSulu សម្លាប់មនុស្ស២៣នាក់ និងជាង១០០នាក់រងរបួស ៕

 


ចែករំលែក៖