ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកផ្នែកទីផ្សារម្នាក់ត្រូវបាននាយកក្រុមហ៊ុនប្តឹង ពីបទ (រំលោភលើទំនុកចិត្ត) ស៊ីដាច់ប្រាក់ ១ម៉ឺនដុល្លារ រួចរត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនឯកជនមួយបានប្តឹងបុគ្គលិករបស់ខ្លួន មុខងារផ្នែក ទីផ្សារ (លក់) ពីបទ រំលោភលើទំនុកចិត្ត បន្ទាប់ពីបុគ្គលិកផ្នែកទីផ្សារឈ្មោះហ៊ុល ថារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បាន ស៊ីដាច់ប្រាក់របស់ក្រុមហ៊ុនចំនួន១ម៉ឺនដុល្លារ មិនបានយកមកទូទាត់ និងព្យាយាមគេចវេះ ក្នុង ការទទួលខុសត្រូវ ។
លោក វណ្ណា ស៊ីណង់ ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនបានអះអាងប្រាប់អង្គភាពនគរវត្តយ៉ាងដូច្នេះថា «បុគ្គលិកទីផ្សារ ឈ្មោះ ហ៊ុល ថារ៉ូ បានស៊ីដាច់ប្រាក់ក្រុមហ៊ុនចំនួន១ម៉ឺនដុល្លារ ដែលករណីនេះ ខាងក្រុមហ៊ុនបានដឹងតាមរយៈការផ្តល់ព័ត៌មានពីអតិថិជន ដែលជាដៃគូរកស៊ី ជាមួយក្រុមហ៊ុន ។ ពួកគាត់ជាអតិថិជនបានទូទាត់ប្រាក់មកក្រុមហ៊ុន តាមរយៈឈ្មោះ ហ៊ុល ថារ៉ូ មុខងារផ្នែកទីផ្សារ ប៉ុន្តែបុគ្គលរូបនេះមិនបានយកប្រាក់ទូទាត់ជាមួយក្រុមហ៊ុន ទើបលោក បង្ខំចិត្តប្តឹងទៅកាន់សមត្ថកិច្ចឲ្យចាត់វិធានការ តាមនីតិវិធីក្នុងរឿងនេះ ។
លោក វណ្ណា ស៊ីណង់ បានបន្តថា យ៉ាងតិចមាន១០ទីតាំង ដែលបានទទួលទិញឥវ៉ាន់ពីក្រុមហ៊ុន ហើយអតិថិជនទាំងនោះ បានទូទាត់ប្រាក់មកឲ្យក្រុមហ៊ុនតាមរយៈឈ្មោះ ហ៊ុល ថារ៉ូ នេះមានដូចជា ៖ អតិថិជន ១-ឈ្មោះ ស៊ាង ឃុន នៅខេត្តកំពង់ចាមចំនួន៦០០ដុល្លារ , ២-ឈ្មោះ តារា នៅខេត្តកំពង់ស្ពឺ ចំនួន១៨៧ដុល្លារ , ៣-ឈ្មោះ សុធាវី នៅខេត្តតាកែវ ចំនួន២៤១,៥០ដុល្លារ ,៤-ឈ្មោះ ជាង ឌី នៅខេត្តព្រៃវែង ចំនួន៣៤៨,២២ដុល្លារ ,៥-ឈ្មោះ ឈ័ង ហេង នៅ ខេត្តកំពង់ចាម ចំនួន១៣១៨,០៨ដុល្លារ ,៦-ឈ្មោះ ជាង ឃុន នៅខេត្តព្រៃវែង ចំនួន៩៣៥,៧០ ដុល្លារ និងមានអតិថិជនមួយចំនួនទៀត ដែលខាងក្រុមហ៊ុនកំពុងទទួលបានថាផ្នែកទីផ្សារនេះ ទៅយកប្រាក់ដូចអតិថិជនខាងលើនេះដែរ ។
លោកបានបន្តថា បុគ្គលឈ្មោះ ហ៊ុល ថារ៉ូ ខាងក្រុមហ៊ុនបានជូនដំណឹងឲ្យគាត់មកចូលខ្លួនដោះស្រាយទូទាត់ឲ្យក្រុមហ៊ុន និងទុករយៈពេលជាច្រើនខែ ។ ប៉ុន្តែឈ្មោះ ហ៊ុល ថារ៉ូនេះ គាត់ មានចេតនាទុច្ចរិត រំលោភលើទំនុកចិត្ត ស៊ីដាច់ប្រាក់ដែលប្រមូលបានពីអតិថិជននោះ ទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងគេចវេះ ក៏ដកូចជាទូរស័ព្ទជាច្រើនប្រព័ន្ធត្រូវបានបិទ ។ ដូច្នេះលោកក៏ បង្ខំចិត្តដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចនិងស្ថាប័នតុលាការ ដើម្បីឲ្យជនរូបនេះចូលខ្លួនមកដោះស្រាយ ទូទាត់ប្រាក់ជូនក្រុមហ៊ុនវិញ ។ បើពុំដូច្នេះទេ នឹងប្រគល់ឲ្យតុលាការចាត់ការ បន្តតាមនីតិវិធី ។
បើតាមការបញ្ជាក់ឲ្យដឹងពីតំណាងក្រុមហ៊ុនខាងលើ គូសបញ្ជាក់ថា ឈ្មោះ ហ៊ុល ថារ៉ូនេះ មានប្រវត្តិប្រព្រឹត្តនូវគំនិតទុច្ចរិតនេះ ទៅលើក្រុមហ៊ុនដទែផ្សេងទៀត ក្នុងនោះក្រុមគ្រួសារ អាណាព្យាបាលតែងចេញមុខទទួលខុសត្រូវ ពេលខ្លះមានលទ្ធភាពក៏ជួយទូទាត់ជំនួសកូន ដើម្បីបញ្ចៀសការប៉ះពាល់សេចក្តីថ្លែថ្នូរនៅក្នុងក្រុមគ្រួសារ ។ តំណាងក្រុមហ៊ុនបញ្ជាក់បែប នេះ ដោយសារគាត់បានទទួលពីការរៀបរាប់ ដោយឪពុកម្តាយឈ្មោះ ហ៊ុល ថារ៉ូ ។
លោក វណ្ណ ស៊ីណង់ បានរំលឹកផងដែរថា ប្រសិនបើអតិថិជន និងប្រជាពលរដ្ឋ សមត្ថកិច្ច បានឃើញ ឬជួបប្រទះ បុគ្គលឈ្មោះ ហ៊ុល ថារ៉ូ នៅទីណា ហើយឈានដល់ការផ្តល់ព័ត៌មាន ជូនខាងក្រុមហ៊ុនដែលមានលេខទូរស័ព្ទ ០៩៧ ៦៨៥ ៥៦៦៥ ខាងក្រុមហ៊ុននឹងជូនជាសាគុណផងដែរ ។
សូមបញ្ជាក់ថា បើបុគ្គលឈ្មោះ ហ៊ុល ថារ៉ូ មានចេតនាទុច្ចរិត រំលោភលើទំនុកចិត្ត ស៊ីដាច់ លុយក្រុមហ៊ុនរហូតដល់១ម៉ឺនដុល្លារ មិនព្រមយកមកទូទាត់ មិនត្រឹមតែខ្លួនត្រូវមានពិរទ្ធក្នុង បទល្មើសព្រហ្មទណ្ឌប៉ុណ្ណោះទេ គឺកិត្តិយស និងកេរ្តិ៍ឈ្មោះ ត្រូវបានបាត់បង់ ហើយក្រុមហ៊ុន ឯទៀត ក៏មិនអាចទទួលយកជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់គេនោះទេ ដោយ សារតែបុគ្គលរូបនេះធ្វើឲ្យបាត់បង់តម្លៃរបស់ខ្លួន ហើយខាងក្រុមហ៊ុនក៏បានធ្វើការផ្សព្វផ្សាយ ជូនដំណឹងជាសាធារណៈ ។ ដូច្នេះពិបាកនឹងលាក់ខ្លួន ក៏ដូចជាចូលក្នុងចំណោមសង្គមមនុស្ស ឯទៀតល្អៗបានទេ ពិសេសបើរកការងារធ្វើវិញ ឈ្មោះនេះ ត្រូវបានជាប់ជាជនដែលមានចេតនាទុច្ចរិត ប្រាកដជាក្រុមហ៊ុនដទៃផ្សេងទៀតមិនអាចទទួលយកជាបុគ្គលិក ដោយសារការ ព្រួយបារម្ភពីការបាត់បង់នូវផលប្រយោជន៍ណាមួយរបស់ក្រុមហ៊ុនគេ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖