ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីរងការខាតបង់ជាច្រើន ដោយសារតែបាតុកម្មប្រឆាំងលទ្ធផល ក្លាយជាហិង្សា

ចែករំលែក៖

បាតុកម្មប៉ុន្មានថ្ងៃកន្លងមកប្រឆាំងនឹងលទ្ធផលបោះឆ្នោត​ ក្លាយទៅជាហិង្សា​ធ្វើឲ្យសកម្មភាពរកស៊ីនៅរដ្ឋធានីហ្សាការតា ត្រូវបិទ និងរងការបំផ្លាញជាច្រើនដោយអំពើហិង្សា​។

នៅពេលនេះ ក្រសួងពាណិជ្ជកម្ម​​ និងឧស្សាហកម្មឥណ្ឌូនេស៊ី​ បានប្រកាសឲ្យដឹងថា ​ការខាតបង់សេដ្ឋកិច្ច ដោយសារបាតុកម្ម ហិង្សា​ ប៉ុន្មានថ្ងៃកន្លងមកប្រឆាំងនឹងលទ្ធផលបោះឆ្នោត នៅទីក្រុងចាការតា ​។ តាមការប៉ាន់ប្រមាណការខាតបង់សេដ្ឋកិច្ច មានទៅដល់ ជាង​១,១ពាន់លានដុល្លារ អាមេរិក ។

តាមការលើកឡើងរបស់មន្ត្រី​​ក្រសួងពាណិជ្ជកម្មអំពើហិង្សា​ កាលពីពេលកន្លងមកថ្មីៗ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ។

អំពើហិង្សាបានបណ្តាលឲ្យមានមនុស្សស្លាប់ ៨នាក់ និងជាង​៧០០នាក់រងរបួសធ្ងន់ ​ក្នុងនោះ​ក្នុងការប៉ះទង្កិចគ្នាកាលពីថ្ងៃទី​២១ និង​២២ ខែឧសភា ក្រោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី បានប្រកាសលទ្ធផលជាផ្លូវការដោយ ជ័យជំនៈបានទៅលើប្រធានាធិបតី Joko Widodo ​បន្តដឹកនាំប្រទេសមួយអាណត្តិទៀត​។

នៅពេលនេះស្ថានភាពក្នុងប្រទេសឥណ្ឌូនេស៊ី ល្អប្រសើរឡើងវិញ ហើយ ដោយផ្លូវជាច្រើននៅកណ្ដាលរដ្ឋធានីហ្សាការតា បានត្រឡប់មករកសភាពស្ងប់ស្ងាត់វិញហើយ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ហិង្សាក្នុងបាតុកម្មតវ៉ាកាលពីយប់ថ្ងៃពុធ រវាងកងកម្លាំសន្តិសុខ និងក្រុមបាតុករ ដែលនាំគ្នាតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលបង្ហាញថា លោក Joko Widodo ជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី នៅអាណត្តិទី២របស់លោក។ នេះបើតាមអាជ្ញាធរឥណ្ឌូណេស៊ី ដក ស្រង់ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឥណ្ឌូណេស៊ី ចំនួនបាតុករតវ៉ាបានថយចុះ​នៅក្នុងបាតុកម្មកាលពីយប់ថ្ងៃពុធ ខណៈក្រុម បាតុករចុងក្រោយដែលនៅសល់ ត្រូវបានបំបែកនៅម៉ោង ៧៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅហ្សាការតា)។ ចំណែកឯសេវាដឹកជញ្ជូនមួយចំនួនធំ​នៅក្នុងរដ្ឋធានីហ្សាការតា ក៏បានដំណើរការឡើងវិញហើយដែរ ខណៈកម្មកររដ្ឋកំពុងសម្អាតដងផ្លូវ ៕


ចែករំលែក៖