ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាកូរ៉េខាងជើង និងអ៊ីរ៉ង់ មានតែចិន និងរុស្ស៊ីប៉ុណ្ណោះ ទើបអាចដោះស្រាយ ជួយរំដោះចេញពីការបំផ្លាញរបស់អាមេរិក

ចែករំលែក៖

ស្ថានភពនៅលើពិភពលោក ពិសេស គឺវិបត្តិរវាងអាមេរិក និងអ៊ីរ៉ង់់ កំពុងតែរុញច្រានធ្លាក់ទៅក្នុងសង្គ្រាម ទ្រង់ទ្រាយធំ ក្នុងតំបន់មជ្ឈិមបូព៌ា ។ នៅពេលនេះ មានតែប្រទេសចិន និងរុស្ស៊ីប៉ុណ្ណោះ ដែលអាចទប់ស្កាត់ សង្គ្រាមទាំងនោះមិនឲ្យកើតឡើង ។

ជាមួយគ្នានេះ ស្ថានភាពនៅឧបទ្វីបកូរ៉េ ចាំបាច់ត្រូវតែមានការចូលរួមពីចិន និងរុស្ស៊ី ដើម្បីដោះស្រាយបញ្ចប់ កម្មវិធីបរមាណូ និងបញ្ចប់ទណ្ឌកម្ម ពីអាមេរិក ។ ចិន និងរុស្ស៊ី មានព្រំដែនជាប់កូរ៉េខាងជើង មានឥទ្ធិពលយ៉ាងខ្លាំងដល់គោលនយោបាយរបស់ទីក្រុងព្យុងយ៉ាង ។ កន្លងមក លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសរុស្ស៊ី ជាលើកដំបូង ។

នៅពេលនេះដែរ ប្រធានាធិបតីចិនស៊ី ជីនពីង បាន បំពេញទស្សនកិច្ចទៅកាន់ កូរ៉េខាងជើង គឺជាសារសំខាន់បំផុតផ្ញើទៅកាន់អាមេរិកថា ចិន មិនបោះបង់កូរ៉េខាងជើងនោះឡើយ ។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជួបពិភាក្សាជាមួយ លោក គីម ជុងអ៊ុន នៅក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលលោកនឹងផ្ដើមបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។

ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យលោក ស៊ី ជិនពីង កា្លយជាប្រធានាធិបតីចិនដំបូងគេដែលធ្វើដំណើរ ទៅកាន់កូរ៉េខាងជើង អស់រយៈពេលជាង១៤ឆ្នាំមកនេះ ពោលគឺចាប់តាំងពីអតីតប្រធានាធិបតីចិន លោក Hu Jintao បំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង កាលពីខែតុលា ឆ្នាំ២០០៥ ។ ប៉ុន្តែ គួរឲ្យកត់សម្គាល់ ដំណើរទស្សនកិច្ចនៅពេលនេះរបស់លោក ស៊ី ត្រូវបានក្រុមអ្នកជំនាញខ្លះមើល ឃើញថា អាចនឹងធ្វើឲ្យភូមិសាស្ត្រនយោបាយបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ កាន់តែមានភាពស្មុគស្មាញ ខណៈទីក្រុងប៉េកាំង ក៏បានបង្ហាញការគាំទ្រដល់ជំហររបស់កូរ៉េខាងជើងពាក់ព័ន្ធនឹងកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកផងដែរ ។

គួរបញ្ជាក់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នា៤លើករួចមកហើយនៅលើទឹកដីចិន កាលពីឆ្នាំ២០១៨ ហើយជំនួបរវាងមេដឹកនាំទាំង២នៅលើកនេះ ធ្វើឡើងនៅមុនពេលលោក ស៊ី ត្រូវ ជួបជាមួយលោក ដូណាល់ ត្រាំ នៅកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុននៅសប្ដាហ៍ក្រោយ ។ ដោយឡែក បើតាមក្រុមមន្ត្រីចិន លោក ស៊ី និងលោក គីម នឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំង២ និងស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ ។

ពាក់ព័ន្ធ និងការដាក់ទណ្ឌកម្មរបស់អាមេរិក រដ្ឋាភិបាលទីក្រុងប៉េកាំង និង មូស្កូ បាននាំគ្នា ខ្ទប់គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកដែលចង់បិទបង្ឃាំងការដឹកជញ្ជូនប្រេងចម្រាញ់រួចទៅឲ្យកូរ៉េខាងជើង ។ អាមេរិកលើកសំណើយ៉ាងដូច្នេះមកពី សម្រាប់វ៉ាស៊ីនតោន កូរ៉េខាងជើងបាននាំចូលប្រេងហួសកំរិតអនុញ្ញាតរបស់អង្គការសហប្រជាជាតិហើយ សម្រាប់ឆ្នាំ២០១៩ តាមរយៈការលួចទិញប្រេងដោយខុសច្បាប់ ។ នេះបើតាមប្រភពអ្នកការទូត ។

បើតាមរបាយការណ៍អាមេរិក កូរ៉េខាងជើង បាននាំចូលប្រេងហួសកំរិតអនុញ្ញាតប្រចាំឆ្នាំ២០១៩ កំណត់ដោយអង្គការសហប្រជាជាតិ តាមរយៈការបង្វែរទិញដោយខុសច្បាប់នៅកណ្តាលសមុទ្ទ ។ ក្នុងរវាងពីខែមករា ដល់ខែមេសា មានការដឹកប្រេងទៅផ្ទេរឲ្យនាវាកូរ៉េខាងជើង កណ្តាលសមុទ្ទ ដោយខុសច្បាប់ចំនួន៧០ករណី ដោយប្រើនាវាដឹកប្រេងពាក់ផ្លាកបន្លំ និងក្រដាសស្នាមក្លែងក្លាយបន្លំភ្នែកអន្តរជាតិ ក្នុងមានយ៉ាងហោច៨ ត្រូវបានអាមេរិក និងជប៉ុនវែកចាប់បាន ។ នេះបើតាមរបាយការណ៍អាមេរិកដដែល ។

ជាសរុប កូរ៉េខាងជើងបានរំលោភទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាញឹកញយ ហេតុដូច្នេះហើយបានសហរដ្ឋអាមេរិកបានស្នើសុំទៅអង្គការសហប្រជាជាតិ ប្រកាស ហាមឃាត់មិនឲ្យមានដឹកជញ្ជូនប្រេងចម្រាញ់រួចទៅឲ្យព្យុងយ៉ាងទៀតទេ នៅពេលណាកូរ៉េខាងជើងបាននាំចូលប្រេងឆៅគ្រប់៥០ម៉ឺនធុង ។

គំនិតផ្តួចផ្តើមរបស់អាមេរិកចង់បិទខ្ទប់ការដឹកជញ្ជូនប្រេងចម្រាញ់រួចទៅឲ្យកូរ៉េខាងជើងនេះ បានទទួលការគាំទ្រពីប្រទេសចំនួន២៥ នៅអង្គការសហប្រជាជាតិ មានជាអាទិ៍ប្រទេសបារាំង ជប៉ុន និងអាល្លឺម៉ង់… ។ ប៉ុន្តែរុស្ស៊ី និងចិនយល់ថា គេត្រូវការពេលវេលាច្រើនទៀតដើម្បីសិក្សាសំណើនេះ និងមិនដឹងត្រូវការរយៈពេលប៉ុន្មានឲ្យពិតឲ្យប្រាកដឡើយ ។ កាលពីឆ្នាំ២០១៨ ប្រទេសទាំងពីរធ្លាប់ប្រឆាំងនឹងអាមេរិកម្តងហើយ ហើយសំណើសុំហាមឃាត់ការបញ្ជូនប្រេងថ្មីៗទៀតរបស់អាមេរិក មិនត្រូវបានអនុវត្តម្តងណាទេ ។

ដើម្បីបង្ខំកូរ៉េខាងជើងឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរ កំរិតការនាំចូលប្រេង និងដាក់បម្រាមប្រឆាំងនឹងការនាំចេញធ្យូងថ្ម នេសាទ និងវាយណភណ្ឌកូរ៉េខាងជើង ។ ចិនសម្ព័ន្ធមិត្តតែមួយគត់របស់ព្យុងយ៉ាង ក៏បានចូលដៃជាមួយអន្តរជាតិដែរ ។ ប៉ុន្តែក្រោយជំនួបកំពូលគីម-ត្រាំ ពីរលើកមិនបានជោគជ័យមក ចិនត្រឡប់មកជិតស្និទ្ធនឹងកូរ៉េខាងជើងជាថ្មី ៕


ចែករំលែក៖