មានប្រភពព័ត៌មានជាច្រើនបានលើកឡើងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាចជួបពិភាក្សាគ្នា នៅតំបន់ព្រំដែនកូរ៉េទាំងពីរ ក្នុងពេលដែល លោកត្រាំ បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ។ តាមគម្រោងទស្សនកិច្ចនោះ លោកត្រាំ នឹងទៅកាន់ព្រំដែន កូរ៉េទាំងពីរ បង្កឲ្យមានការសង្ស័យជាច្រើនកើតឡើងពីជំនួប លើកទី៣ នៅទីនោះ ។
កាលពីថ្ងៃទី២៥ ខែមិថុនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងជួបពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុន នៅពេលសមស្របណាមួយ ។
នៅក្នុងសន្និសីទកាសែតនៅសេតវិមាន ក្រុមអ្នកសារព័ត៌មាន បានសួពីសាលិខិតដែលមេដឹកនាំ គីម ជុងអ៊ុន ផ្ញើទៅកាន់ លោកត្រាំ នាពេលកន្លងមកថ្មីៗ អាចនឹងមានជំនួប ជាថ្មីដែរឬទេ ? ប្រធានាធិបតី ដូណាល់ ត្រាំបានបញ្ជាក់ថា នៅពេលសមស្របណាមួយ យើងនឹងរៀបចំជំនួបជាថ្មី ។
លោកត្រាំបានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសហករយ៉ាងល្អ ដោយមិនមានការសាកល្បង អាវុធ បរមណូ នាពេលកន្លងមកនោះឡើយ ។
ការប្រកាសខាងលើរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ ជាសញ្ញាល្អបំផុត អាចឈានដល់ជំនួបកំពូលលើកទី៣ ក្នុងពេលឆាប់ៗខាងមុខ គឺអាចជួបពេលលោកត្រាំ បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាត្បូង ក្នុងនោះមានព្រំដែនកូរ៉េទាំងពីរ ។
តាមគម្រោង ប្រធានាធិបតីត្រាំនឹងទៅកាន់ទីក្រុងសេអូលនៅថ្ងៃទី២៩និង៣០ខែមិថុនា ក្រោយកិច្ចប្រជុំG-20 នៅជប៉ុនបញ្ចប់ ។ ដំណើរទស្សនកិច្ចនោះ បង្កឲ្យមានការសង្ស័យថានឹងមានជំនួបជាមួយមេដឹកនាំ គីម ជុងអ៊ុន ក្រោយពេលលោកត្រាំឡើងគម្រោង ទៅកាន់តំបន់សរគ្មានយោធា របស់ប្រទេសទាំងពីរ ៕