ខេត្តតាកែវ៖ អ្នកនយោបាយមួយចំនួនគ្មានគុណធម៌ គឺដើរស្រែកជេររាជរដ្ឋាភិបាល បន្លាចប្រជាពលរដ្ឋនៅក្រៅប្រទេស ទៅអង្វរអឺរ៉ុបឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្មែរឯង មិនឱ្យបរទេសមកវិនិយោគ នៅស្រុកខ្មែរ ដុតឆ្នាំងបាយប្រជាពលរដ្ឋ អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបះបោរ បញ្ឆេះកំហឹងប្រជាពលរដ្ឋ គឺដើម្បីមហិច្ឆតានយោបាយរបស់ខ្លួន។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សាសារិទ្ធ កក្កដា ត្រពាំងខ្នារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តវេឡុវ័ន្ត ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩។
លោកបណ្ឌិតថ្លែងបន្តថា៖ ធ្វើអ្នកដឹកនាំប្រទេសមួយត្រូវមានគុណធម៌ ហើយគុណធម៌របស់អ្នកនាំ គឺជះឥទ្ធិពល និងថែរក្សាលទ្ធផលនៃការដឹកនាំ។ អស់រយៈពេល៤០ឆ្នាំ ប្រជាពលរដ្ឋនៅតែគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ព្រោះការដឹកនាំរបស់សម្តេចតេជោ គឺប្រកបដោយធម៌ ដោយគុណធម៌ ធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានសេចក្តីសុខសប្បាយរីករាយមិនប្រកាន់បក្សណាថាបក្សណា។
លោកបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា៖ សូមប្រជាពលរដ្ឋបន្តជឿទុកចិត្តនិងគាំទ្រសម្តេចតេជោហ៊ុនសែនដឹកនាំប្រទេសតទៅទៀតដើម្បីអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃពិតជាលឿន មិនអាចឃាត់ពេលវេលាបកក្រោយបានឡើយ ហើយក៏មិនអាចចាំយើងបាននោះទេ សិស្សានុស្សិសចាប់ផ្តើមរៀនសូត្របណ្តុះបណ្តាលបានច្រើន គឺមិនអាចមើលរំលង គុណធម៌ សិសធម៌ បានឡើយ ព្រោះក្នុងការរស់នៅពុទ្ធសាសនាដើរតួនាទីយ៉ាងសំខាន់តាមរយៈការអប់រំរបស់ឳពុកម្តាយ លោកគ្រូអ្នកគ្រូ ឱ្យមានគុណធម៌ល្អ មិនឲ្យធ្វើបាបអ្នកដទៃ ឈ្លានពានគេ ព្រោះថាគ្រប់សាសនាទាំងអស់ សុទ្ធតែបានប្រៀនប្រដៅអោយចេះរស់រៀនមានជីវិតជាមួយអ្នកជិតខាងផងទាំងពួងដើម្បីបានសេចក្តីសុខ ព្រោះថាបើមានចំណេះដឹងតែខ្វះគុណធម៌ គឺពិបាកណាស់។
ជាក់ស្ដែងនៅសម័យ ប៉ុល ពត បានវាយកម្ទេចវត្តអារាម និងបំផ្លាញវិស័យសាសនា មិនឲ្យជឿលើបុណ្យបាប។
លោកបានបន្តទៀតថា ទីអារាមនេះបានចាប់ផ្តើមកកើតតាំងពីបាតដៃទទេ យើងរួមគ្នាក្រោមដំបូលផ្ទះតែមួយ ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជារួមគ្នា ដៃម្ខាងទប់ស្កាត់កុំឲ្យរបប ប៉ុល ពត ចូលមកម្តងទៀត ផ្តុំគ្នាដើម្បីជួយគ្នា និងបង្កបង្កើនផល ក្រោយមកយើងមានលទ្ធភាពកសាងបានសមិទ្ធផលច្រើន គ្រប់ទីកន្លែង ក្នុងស្រុក ឃុំ ភូមិ។
បច្ចុប្បន្នប្រជាពលរដ្ឋមានលទ្ធភាព និងជីវភាពធូរធារចូលរួមនៅក្នុងការកសាង សប្បុរសជនក្នុង មានសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេសបានខិតខំចូលរួមកសាងសមិទ្ធផលនានាទូទាំងប្រទេស។ សួរថាមានការបញ្ចប់ទេនៅក្នុងការកសាងត្រឹមថ្ងៃនេះឬ? គឺថាគ្មានថ្ងៃបញ្ចប់ទេ មានតែបន្តអភិវឌ្ឍកសាង ហើយយើងមានមោទនភាពណាស់ដែលយើងមានថ្ងៃនេះ ព្រោះវាមិនមែនជប់បានទេ សុទ្ធសឹងតែជាការចេញពីទឹកចិត្តសប្បុរសជន និងប្រជាជនខ្មែរយើងជួយគ្នា។
លោកបានបញ្ជាក់ថា ទៅមុខទៀត រាជរដ្ឋាភិបាលនឹងខិតខំថែរក្សាសុខសន្តិភាពឲ្យប្រជាពលរដ្ឋមានសេចក្តីសុខសម្បូរសប្បាយ និងអភិវឌ្ឍឱ្យរីកចម្រើនជាងនេះទៀត។ អរគុណសប្បុរសជនជិតឆ្ងាយ ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារថ្នាក់ជាតិ ដែលបានចូលរួមកសាងសមិទ្ធផលតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនចង់បានគឺធ្វើឲ្យប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ យើងលែងច្បាំងគ្នា យើងចូលរួមកសាងសមិទ្ធផល៕
ដោយ៖ សហការី