មានអ្នករងរបួសជាច្រើន ក៏ដូចជាអគារច្រើនខ្នងនៅអ៊ីរ៉ង់ រងការបំផ្លាញដោយការរញ្ជួយដីកម្រិត៥,៧រិចទ័រ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ។ ការរញ្ជួយដីកើតឡើងនៅតំបន់សម្បូរប្រេង ស្ថិតនៅជិតទីក្រុងមួយ ភាគនិរតី នៃប្រទេសនេះ ។
សារព័ត៌មានអ៊ីរ៉ង់ IRNA បានផ្សាយថា ការរញ្ជួយដីនេះបានកើតឡើងនៅជិតទីក្រុង Masjid Soleiman ខេត្ត Khuzestan ចម្ងាយប្រហែល៤៥០គីឡូម៉ែត្រ ភាគនិរតីទីក្រុងតេអេរ៉ង់ ។ មកទល់ពេលនេះមនុស្ស៤នាក់ ត្រូវរាយការណ៍ថា បានរងរបួស ។
សាក្សីឈ្មោះ Iman Nazarpour បានប្រាប់ភ្នាក់ងារសារព័ត៌មាន APថា ការរញ្ជួយដីនេះបណ្តាលឲ្យខូចខាតអគារមជ្ឈមណ្ឌលក្នុងទីប្រជុំជនផងដែរ ។ អគារចាស់ៗខ្លះបានបាក់ស្រុត និងរលំ ។
ក្រុមជួយសង្គ្រោះបានសម្រុកទៅកាន់ទីកន្លែងកើតហេតុ ។ ការរញ្ជួយដីនេះមានជម្រៅប្រហែល១៧គីឡូម៉ែទ្រ ។ សារព័ត៌មាន IRNA ផ្សាយថា ក្រោយការរញ្ជួយដី ទំហំ៥.៧រិចទ័រនេះភ្លាម ក៏មានការរញ្ជួយដីជាច្រើនទៀតបានកើតឡើងជាបន្តបន្ទាប់។
ភ្នាក់ងារវាស់ស្ទង់ការរំញ័រផែនដី និងភូមិសាស្ត្រអាមេរិក (USGS) បញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ នៅប្រហែល២៨គីឡូម៉ែត្រភាគនិរតីពីទីប្រជុំជន ហើយមានជម្រៅប្រហែល១០គីឡូម៉ែត្រ ។
ការញាប់ញ័រកើតមាននៅទូទាំងតំបន់តែម្តង ហើយនិងញាប់ញ័រទៅដល់ប្រទេសក្បែរខាងដូចជា គុយវ៉េត ផងដែរ ដែលស្ថិតនៅតាមឈូងសមុទ្រ Persian នោះ ។
គេនៅចាំបានថា ក្នុងឆ្នាំ២០០៣ ការរញ្ជួយដីទំហំ៦.៦រិចទ័រជាប្រវត្តិសាស្ត្របានបំផ្លាញទីក្រុង Bam ភាគខាងត្បូងអ៊ីរ៉ង់ទាំងស្រុង ដោយសម្លាប់មនុស្សរហូតដល់២៦,០០០នាក់ ៕