ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់វាយប្រហារ រដ្ឋ Assam ប្រទេសឥណ្ឌា ពលជរដ្ឋជិតកន្លះលាននាក់ ជាប់គាំង

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ វាយប្រហារតំបន់ជាច្រើនក្នុងប្រទេសឥណ្ឌា ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ។ ​ មកទល់ពេលនេះ មានមនុស្ស​​៣នាក់បានស្លាប់ និងរបួសច្រើន ក្រៅពីនេះនៅមានពលរដ្ឋ​៤សែននាក់ត្រូវជាប់គាំង ដោយសារតែផ្លូវថ្នល់ត្រូវកាត់ផ្តាច់ដោយទឹកជំនន់ ។

មន្ត្រីឥណ្ឌា​ ​បានបញ្ជាក់​ប្រាប់ប្រភពព័ត៌មានក្នុងស្រុក​ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ថា គ្រោះទឹកជំនន់​ នៅក្នុងរដូវវស្សានេះ បានវាយប្រហារទៅលើតំបន់មួយចំនួន ​​​នៅភាគខាងជើង និងភាគខាងកើត​ នៃរដ្ឋ Assam ប្រទេសឥណ្ឌា បានសម្លាប់​មនុស្ស​ចំនួន៣នាក់ និងជាង៤សែន​នាក់ផ្សេងទៀត កំពុងជាប់នៅទីនោះ ។

មន្ត្រីអាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយរដ្ឋ Assam (ASDMA) បានបញ្ជាក់ថា «សរុប​មនុស្ស​៣នាក់ ក្នុងនោះ​២នាក់​​ ស្លាប់ដោយសារលិចទឹក និងបាក់ដីមកទល់ពេលនេះនៅរដ្ឋ Assam» ។ ភូមិជាង​២៥០​​ ត្រូវបានលិចទឹក​មិនដល់​២៤ម៉ោងផង ។ ផ្ទៃដី​ និងដំណាំកសិកម្មប្រហែល ១៦,៣៧០ហិកតា​ត្រូវទឹកលិចលង់ ។

ជំនន់ទឹកភ្លៀង​កើតឡើង​ជាប្រចាំ​នៅក្នុងតំបន់នេះ ឲ្យតែរដូវវស្សាចូលមកដល់ ។ កាលពីសប្តាហ៍មុន​ទឹកជំនន់​ក្នុងតំបន់​បណ្តាលឲ្យ​ជាប់គាំង​ដំណើរ​ចរាចរណ៍​​នៅតាមដងផ្លូវ​មួយចំនួន​ក្នុងទីក្រុងម៉ុមបៃ ផ្លូវរថភ្លើង និងអាកាសយានដ្ឋាន​ផងដែរ ត្រូវផ្អាក ដោយសារតែបញ្ហាជំនន់ទឹកភ្លៀង ៕


ចែករំលែក៖