ព័ត៌មានទាន់ហេតុការណ៍៖

ដាច់ភ្លើងទៀតហើយ នៅវេណេហ្ស៊ុយអេឡា​ ពលរដ្ឋរងផលប៉ះពាល់យ៉ាងខ្លាំង

ចែករំលែក៖

ចរាចរណ៍នានានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ត្រូវជាប់គាំងទាំងស្រុង ដោយសារការដាច់ភ្លើងជាទ្រង់ទ្រាយធំកើតឡើងនៅទូទាំងប្រទេស ។ ​ នៅពេលនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យដាច់ភ្លើងនោះឡើយ ។

ការដាច់ភ្លើងនាពេលកន្លងមក ត្រូវបានគេចោទប្រកាន់ទៅលើក្រុមប្រឆាំង ប៉ុន្តែនៅពេលនេះ ក្រុមប្រឆាំង និងរដ្ឋាភិបាលកំពុងតែចរចា ស្វែងរកសន្តិភាព ដូច្នោះក្រុមប្រឆាំង អាចមិនមែនជាអ្នកនៅពីក្រោយការដាច់ភ្លើងនោះឡើយ ។

ប្រភព​ AP បានផ្សាយ​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ថា ភ្លើងបានដាច់ភ្លាមៗ​នៅវេលាម៉ោង​៤រសៀល (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២២ ខែកក្កដា ។ ភ្លើងបានដាច់ទ្រង់ទ្រាយធំ​​ នៅទូទាំងប្រទេសវេណេហ្ស៊ុយអេឡា បង្កឲ្យគាំងដំណើរចរាចរណ៍​ក្នុងរដ្ឋធានី គាំងដំណើរ​ផ្លូវ​ក្រោមដី ខណៈកំពុងស្ថិតនៅក្នុងម៉ោងដ៏មមាញឹក ។

អ្នកគ្រូបង្រៀនម្នាក់ ឈ្មោះ Reni Blanco អាយុ៤៨ឆ្នាំ​បាន​និយាយថា «នេះរន្ធត់ណាស់, វាជាមហន្តរាយមួយ» ។ អ្នកគ្រូម្នាក់នេះ ក៏ដូច​ប្រជាពលរដ្ឋដទៃ​ទៀត​​នាំគ្នាធ្វើដំណើរដោយថ្មើរជើង​នៅតាមទីប្រជុំជន ឆ្ពោះទៅកាន់លំនៅឋានរបស់ខ្លួន ។

អាជ្ញាធរវេណេហ្ស៊ុយអេឡា​មិនទាន់​ធ្វើអត្ថាធិប្បាយ​បែបណានោះទេ ពាក់ព័ន្ធការដាច់ភ្លើង​នៅពេលនេះ ។ បណ្តាញសង្គម​នៅក្នុងប្រទេសនេះ បានផ្សព្វផ្សាយថា រដ្ឋចំនួន១៩ ក្នុងចំណោម២៤​បានរងផលប៉ះពាល់​ដោយសារដាច់ភ្លើងនៅពេលនេះ ។

កាលពីខែមីនា ឆ្នាំ២០១៩ ប្រទេសនេះ​ ធ្លាប់បានដាច់ភ្លើង​ និងទឹក​​ ស្ទើរតែ​នៅគ្រប់រដ្ឋធានី ខេត្ត អូសបន្លាយពេលជាច្រើនសប្តាហ៍ ។ ប្រធានាធិបតី Nicolás Maduro បានបន្ទោសថា ការដាច់ភ្លើង​នោះ គឺជាការវាយប្រហារ​តាមប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិក​ ដែលបានការឧបត្ថម្ភដោយអាមេរិក​ប្រឆាំង​មកលើប្រទេស​ដែលមានវារីអគ្គិសនី​ដ៏ធំបំផុត​របស់ប្រទេសនេះ ៕


ចែករំលែក៖