កម្លាំងទាហានរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់នៅលើពិភពលោក ហើយបច្ចុប្បន្នកំពុងតែប្រឈមមុខតានតឹង រវាងលោកខាងលិច និងអ៊ីរ៉ង់នៅក្នុងតំបន់សមុទ្រពែក្ស ។ កន្លងមក រុស្ស៊ីក៏បានឡើងគម្រោងធ្វើសមយុទ្ធជាមួយអីរ៉ង់ ដើម្បីបង្កើនសមត្ថភាពការពារ ការវាយប្រហារពីសត្រូវ ។
នៅពេលនេះដែរ រុស្ស៊ីក៏បានឡើងគម្រោងធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ដោយមានយន្តហោះចម្បាំង ជាង ១០០គ្រឿងចូលួម ។ មន្ដ្រីជាន់ខ្ពស់យោធារុស្ស៊ី បានបញ្ជូនយន្តហោះចម្បាំងជាង១០០គ្រឿង រួមនឹងឧទ្ធម្ភាគចក្រ ទៅចូលរួមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ មានរយៈពេល៦ថ្ងៃ ដោយចាប់ផ្តើម ពីថ្ងៃទី១១ ខែសីហា រហូតដល់ថ្ងៃទី១៦ ខែសីហា ស្ថិតនៅភាគខាងត្បូង នៃប្រទេសរុស្ស៊ី ។
សារព័ត៌មានTASS របស់រុស្ស៊ីបានដកស្រង់ប្រភពព័ត៌មាន ពីកម្លាំងទាហានប្រចាំនៅតំបន់ភាគខាងត្បូង ប្រទេសរុស្សីបានបញ្ជាក់ថា ការធ្វើសមយុទ្ធនេះ មានការចូលរួមពីកម្លាំង ទាហានអាកាសនិងកម្លាំង កាំជ្រួចមីស៊ីលការពារ ។ ក្នុងនោះ សកម្មភាពធ្វើសមយុទ្ធនៅលើដែនអាកាសចាប់ពីតំបន់ Crimea រហូតដល់ដែនសមុទ្រ Caspi និង មួយទៀតចាប់ផ្តើមពីតំបន់ Abkhazia ដល់តំបន់ Astrakhan ។
យុទ្ធសាស្ត្រ នៃការធ្វើសមយុទ្ធនេះ កម្លាំងទាហានត្រូវតែបណ្តេញសត្រូវ ដែលវាយប្រហារ នៅក្នុងតំបន់ Rostov ,Krasnodar និង Crimea ក្រោយមកក៏បន្តទៅធ្វើសកម្មភាព វាយប្រហារសត្រូវ នៅក្នុងតំបន់ Astrakhan, Stavropol និងតំបន់ភាគខាងជើង Ossetia ។ យន្តហោះចម្បាំងរបស់រុស្ស៊ី នឹងសហការជាមួយកម្លាំងនាវាមុជទឹក៦គ្រឿងរបស់កងពល ប្រចាំនៅសមុទ្រខ្មៅ ដើម្បីទប់ស្កាត់រាល់ការវាយប្រហារ ដោយកាំជ្រួចមីស៊ីលរបស់សត្រូវ ៕