នៅព្រឹកថ្ងៃទី១ ខែសីហា កូរ៉េខាងជើងបានប្រកាសថា ប្រទេសនេះ ទើបតែបានសាកល្បង រ៉ុក្កែតថ្មី មិនមែនកាំជ្រួចមីស៊ីលនោះឡើយ ។ ការប្រកាសខាងលើ គឺផ្ទុយទាំងស្រុង ទៅនឹងអ្វីដែលភាគីកូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាអាមេរិកបានប្រកាស ។
ការបាញ់សាកល្បងកាលពីថ្ងៃទី ៣១ ខែកក្កដា ក្រោមការត្រួតពិនិត្យ របស់មេដឹកនាំគីម ជុងអ៊ុន គឺជាប្រព័ន្ធរ៉ុក្កែតតែប៉ុណ្ណោះ ។
នៅក្នុងការបាញ់កាលពីថ្ងៃទី៣១ ខែកក្កដានោះ ប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះមានអាមេរិក ជប៉ុន កូរ៉េខាងត្បូងបានប្រតិកម្មក្រោយកូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីល នៅថ្ងៃទី៣១ ខែកក្កដា ។
សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីអគ្គមេបញ្ជាការ កងទ័ពកូរ៉េខាងត្បូង JCS បានបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់មីស៊ីលពីរគ្រាប់រយៈចម្ងាយខ្លី នៅឆ្នេរសមុទ្រ ភាគខាងកើតប្រទេសនេះ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ។ សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា «មីស៊ីលពីរគ្រាប់បាញ់ចេញនៅវេលាម៉ោង ៥និង០៦នាទី និងមួយគ្រាប់ទៀតបាញ់នៅ ម៉ោង៥និង២៧នាទី ដោយបាញ់ចេញពីតំបន់ Kalma ជិតទីក្រុង កំពង់ផែ Wonsan ។
មេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថា មីស៊ីលរយៈចម្ងាយខ្លីខាងលើរបស់កូរ៉េខាងជើង ហោះហើរបានប្រមាណ២៥០គីឡូម៉ែត្រ ហើយធ្លាក់ចូលសមុទ្រ ។
ចំពោះការបាញ់មីស៊ីលខាងលើ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kang Kyung Wha ប្រកាសថា ការបាញ់មិស៊ីលរបស់កូរ៉េខាងជើង គឺមិនអាចជួយអ្វីដល់កូរ៉េខាងជើងបាននោះឡើយ ក្នុងនោះមានទាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា អាមេរិកទទួលបានព័ត៌មានពីការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង ហើយបានតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាពខាងលើ ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា លោកសង្ឃឹមថា នឹងបន្តពិភាក្សាជាមួយកូរ៉េស្តីពីការរំសាយអាវុធបរមាណូក្នុងពេលឆាប់ៗនេះ ។
ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនវិញបានកោះប្រជុំជាបន្ទាន់ ដើម្បីបញ្ជាក់ថាមីស៊ីលដែលកូរ៉េខាងជើង បានបាញ់សាកល្បងនោះជាប្រភេទណា ។ មីស៊ីលកូរ៉េខាងជើង បានហោះឆ្លងកាត់ឬចូលក្នុងដែនសមុទ្រជប៉ុននោះឡើយ ៕