ក្រុមហូធីនៅក្នុងប្រទេសយេមែន កន្លងមក បានប្រកាសទទួលស្គល់ថា ខ្លួនជាអ្នកវាយប្រហារទៅលើទីតាំងប្រេងរបស់អារ៉ាប៊ី សាអូឌីត ។ នៅពេលនេះសម្ព័ន្ធមិត្តអារ៉ាប់ ដឹកនាំដោយប្រទេស អារ៉ាប៊ី សាអូឌីត បានបើកការវាយប្រហារទៅលើទីតាំង នានា ក្នុងទីក្រុងកំពង់ផែ Hodeidah ស្ថិតនៅតំបន់ភាគខាងជើង ប្រទេស យេម៉ែន ។ ការវាយប្រហារនោះសម្តៅទៅលើទីតាំង យោធាសំខាន់ៗ នៅក្នុងតំបន់ខាងលើ។
សារព័ត៌មានរ៉យទ័របានដកស្រងប្រភពព័ត៌មានពីបណ្តាញទូរទស្សន៍ជាតិ Ekhbariya របស់ប្រទេស អារ៉ាប៊ី សាអូឌីតផ្សាយថា មុនពេលវាយប្រហារសម្ព័ន្ធមិត្តអារ៉ាបបានស្នើដល់ពលរដ្ឋឲ្យចាកចេញពីតំបន់នោះ ដើម្បីបញ្ចៀសការស្លាប់ច្រើនក្នុងការវាយប្រហារខាងលើ។
សម្ព័ន្ធមិត្ត អារ៉ាប បានជ្រៀតជ្រេកចូលក្នុងប្រទេសយេមែន ចាប់តាំងពីខែមីនាឆ្នាំ២០១៥ដើម្បីប្រឆាំងនិងក្រុមឧទ្ទាមហូធី (Houthi) ក្រោយពេលក្រុមនេះបានផ្តួលរំលំរដ្ឋាភិបាលដែលសហគមន៍អន្តរជាតិទទួលស្គាល់កាលពីឆ្នាំ២០១៤។
កាលពីចុងសប្តាហ៍កន្លងមក រោងចក្រចម្រាញ់ប្រេងពីរកន្លែងរបស់ក្រុមហ៊ុន Aramco ក្នុងប្រទេសអារ៉ាប៊ី សាអូឌីតរងការវាយប្រហារ ធ្វើឲ្យបាត់បង់ការផលិតប្រេងរហូតដល់៥,៧ លានបារ៉ែលក្នុងមួយថ្ងៃ គឺធ្លាក់ចុះ ៥ភាគរយនៃប្រភពផ្គត់ផ្គង់ប្រេងនៅលើពិភពលោក។ កាលពីថ្ងៃទី១៩ ខែកញ្ញា ក្រុមហូធីបានចេញមុខទទួលស្គល់ថាជាសកម្មភាពរបស់ក្រុមខ្លួន។
ប៉ុន្តែអាមេរិក និង អារ៉ាប៊ី សាអូឌីតមិនជឿទៅលើការប្រកាសទទួលស្គល់ខាងលើនោះឡើយ ដោយទម្លាក់កំហុសទៅឲ្យអ៊ីរ៉ង់ ទាំងស្រុង ។ ចំណែករដ្ឋាភិបាលអ៊ីរ៉ង់វិញ បានចោទប្រកាន់ អាមេរិក និងសម្ព័ន្ធមិត្ត រករឿង បង្កសង្គ្រាមជាមួយអ៊ីរ៉ង់ ។ កាលពីថ្ងៃទី១៩ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានចោទប្រកាន់អាមេរិក និងសម្ពន្ធមិត្ត ការចោទប្រកាន់ទៅលើអ៊ីរ៉ង់ជាសកម្មភាពបង្កសង្គ្រាម ។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ នៅក្នុងដំណើរទស្សនកិច្ច នៅលើទឹកដី នៃប្រទេសអារ៉ាប់រួម (UAE) កាលពីថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញ លោក Mike Pompeo រដ្ឋមន្រ្ដីការបរទេសអាមេរិក បានថ្លែងព្រមានថា អាមេរិក នឹងបន្ដដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង់ បន្ថែមទៀត។
លោករដ្ឋមន្រ្ដីការបរទេសអាមេរិក បានជួបព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed ព្រះរាជទាយាទ នៃ Abu Dhabi និងជាអគ្គមេបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធ ហើយភាគីទាំង២ ក៏បានពិភាក្សាគ្នា អំពីស្ថានការណ៍នៅក្នុងតំបន់ និងការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Aramco ចំនួន២កន្លែង នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
លោក Pompeo បានបញ្ជាក់ថា «សកម្មភាពខាងលើនេះ គឺបង្កឡើង ដោយអ៊ីរ៉ង់។ ដូច្នេះអាមេរិក នឹងបន្ដដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើប្រទេសអ៊ីរ៉ង់ ដែលការពារ និងបន្តការគាំទ្រអំពើភេរវកម្មរបស់ក្រុម Hezbollah» ។ ទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏កំពុងតែស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ចំពោះវិបត្តិ នៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហារនោះ។
លោក Pompeo បានបន្ដថា «ការដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើប្រទេសអ៊ីរ៉ង់ នេះ គឺដើម្បីរារាំងប្រទេសនេះ បញ្ឈប់ការគាំទ្រដល់សកម្មភាពភេរវកម្មរបស់ក្រុម Hesbollah ក៏ដូចជា ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេមែន ផងដែរ៕