កិច្ចពិភាក្សារយៈពេលពីរថ្ងៃទៅទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់ទៅ នៅថ្ងៃទី១២ ខែតុលា ហើយភាគីទាំងពីរបានព្រមព្រៀងលើចំណុចមួយចំនួន ។ សកម្មភាពខាងលើជាសញ្ញាដ៏ល្អឆ្ពោះទៅរក ភាពល្អប្រសើរឡើងវិញក្នុងវិស័យពាណិជ្ជកម្ម។ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនពេញលេញ ។
ក្រោយ ពិភាក្សា ដោយជោគជ័យ គណៈប្រតិភូចិនក៏បានទៅជួបជាមួយប្រធានាធិបតី ដូណាល់ត្រាំ ផងដែរ ។ នៅក្នុងសន្និសីទកាសែតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម មិនពេញលេញមួយជាមួយប្រទេសចិន ក្រោយការបើកកិច្ចចរចាជុំថ្មីនៅទីក្រុងវ៉ាស៊ីនតោន ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងកិច្ចព្រមព្រៀងមិនពេញលេញ របស់ប្រទេសទាំងពីរ មាន៥ចំណុចគឺ៖
១៖ វិស័យឧស្សហកម្ម
ចិនបានសន្យាបង្កើនការទិញ ផលិតផលកសិកម្មអាមេរិកក្នុងចន្លោះ ៤០-៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈកាលពីឆ្នាំ២០១៧ មុនពេលមានសង្រ្គាមពាណិជ្ជកម្ម ចិនបាននាំចូលផលិតផលកសិកម្មអាមេរិកត្រឹម ១៩.៥ពាន់លានដុល្លារ និងកាលពីឆ្នាំ២០១៨ បានធ្លាក់មកនៅត្រឹម ០៩ពាន់លានដុល្លារ។
២៖ សេវាហិរញ្ញវត្ថុនិងរូបិយប័ណ្ណ
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានបង្ហើបដូច្នេះថា «យើងទទួលបានកិច្ចពិភាក្សាយ៉ាងល្អ ជាមួយអគ្គនាយកធនាគារជាតិរបស់ចិន។ យើងក៏បានជជែកអំពីការបើកចំហទីផ្សារចិន សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុរបស់អាមេរិក និងបញ្ហារូបិយវត្ថុ ខណៈភាគីទាំងពីរស្ទើរតែឯកភាពគ្នាទាំងស្រុងជុំវិញបញ្ហាទាំងនេះ»។
៣៖ ការផ្ទេរបច្ចេកវិទ្យា
លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចចរចារវាងក្រុមមន្រ្តីជាន់ខ្ពស់ចិន និងអាមេរិក នៅវ៉ាស៊ីនតោនទទួលបានវឌ្ឍនភាពយ៉ាងល្អប្រសើរ លើវិស័យផ្ទេរបច្ចេកវិទ្យាដែលជាបញ្ហាដ៏សំខាន់មួយ ក្នុងវិវាទពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប៉ុន្តែលោកពុំបានបញ្ជាក់លម្អិតឡើយ។
៤៖ កម្មសិទ្ធិបញ្ញា
លោកប្រធានាធិបតីអាមេរិកបានប្រាប់ថា ភាគីទាំងពីរក៏បានឯកភាពគ្នាជុំវិញបញ្ហានេះដែរ។
៥៖ យន្តការដោះស្រាយវិវាទ
លោក រ៉ូប៊ឺត ឡៃឌីហ្ស៊ែរ (Robert Lighthizer) ដែលជាមន្រ្តីដឹកនាំកិច្ចចរចាពាណិជ្ជកម្ម បាននិយាយថា យន្តការដោះស្រាយជម្លោះកំពុងតែត្រូវបានរៀបចំឡើង ហើយលោកបានបញ្ជាក់ទៀតថា គម្រោងឡើងពន្ធនៅថ្ងៃទី១៥ ខែធ្នូ អាចនឹងត្រូវលុបចោល។
គួរជម្រាបថា រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានទទួលស្គាល់សញ្ញាវិជ្ជមាននៅក្នុងកិច្ចចរចាជុំថ្មីនេះផងដែរ។ សម្រាប់ការចុះហត្ថលេខាសម្រេចវិញត្រូវបានមន្ត្រីចិន និងអាមេរិកបញ្ជាក់ថា នឹងកើតមានឡើងនៅក្នុងពេលឆាប់ៗ ក្រោយមន្ត្រីទាំងពីរធ្វើការស្វែងយល់ចំណុចសំខាន់ៗ រវាងគ្នាទៅវិញទៅមកបន្ថែមទៀត៕