ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំ គីម ជុងអ៊ុន បង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះការសាកល្បងមីស៊ីលដោយជោគជ័យ កាលពីរសៀលថ្ងៃទី២៨ខែវិច្ឆិកា

ចែករំលែក៖

នៅក្នុងការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់កាលពីរសៀលថ្ងៃទី​២៨ ខែវិច្ឆិកា​ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅត្រួតពិនិត្យ​ការសាកល្បងដោយផ្ទាល់ ហើយលោកបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ដល់ជោគជ័យ ទាំងនោះ​។

កន្លងមកទីបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើងបានសាកល្បងមីស៊ីល នៅវេលាម៉ោង​១៦ និង​៥៩នាទី រសៀលថ្ងៃទី​២៨ ខែវិច្ឆិកា ហើយមីស៊ីលនោះបានធ្លាក់នៅសមុទ្រជប៉ុន​។ ចំណែកភាគីជប៉ុនវិញបានបញ្ជាក់ថា​មីស៊ីល​នោះមិនបានហោះចូលដែនអាកាសជប៉ុន ឬធ្លាក់ក្នុងដែនសមុទ្រ​ជប៉ុន នោះឡើយ ។ នេះគឺជាលើកទី១២ហើយ​ ការបាញ់មីស៊ីលផ្លោង​ដូច្នេះរបស់កូរ៉េខាងជើង​ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩មក ។

យោងតាមការចេញផ្សាយ​របស់​កាសែត យ៉ុនហាប នៅថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ បានផ្សាយថា កូរ៉េខាងជើងបានបាញ់សាកល្បង​ប្រកបដោយជោគជ័យ​កាំជ្រួចមីស៊ីល​ធុនធំ​ ។ ការបាញ់សាកល្បង​នេះ​ ស្ថិតក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីមេដឹកនាំ គីម ជុងអ៊ុន ។

មេដឹកនាំគីម ជុងអ៊ុន បាន​បង្ហាញ​ការពេញចិត្តពេញថ្លើម​យ៉ាងខ្លាំង​ចំពោះលទ្ធផលសាកល្បង​ប្រកបដោយជោគជ័យនេះ ។ សារព័ត៌មាន​កូរ៉េខាងជើង KCNA បានផ្សាយថា ក្រៅពីមេដឹកនាំ​ប្រទេស​ត្រួតពិនិត្យ​ការបាញ់សាកល្បង​មីស៊ីល នៅមានមន្ត្រីជាន់ខ្ពស់​ជាច្រើនរូបទៀត​មកពីគណបក្សពលករ​កូរ៉េខាងជើង រួមទាំងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបផងដែរ ។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង​​ បានបញ្ជាក់ថា ខ្លួន​បាន​ពើបប្រទះឃើញ​ ប្រព័ន្ធមីស៊ីល​ផ្លោង​រយៈចម្ងាយខ្លីពីរគ្រាប់​ ត្រូវបានបាញ់បង្ហោះចេញពីទីក្រុងកំពង់ផែ Yeonpo ខេត្ត South Hamgyong ភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើត ( សមុទ្រជប៉ុន) ហើយដែលអាចសន្មត់បានថា ជាប្រភេទមីស៊ីល​មានសមត្ថភាពខ្លាំង ។ មីស៊ីលផ្លោង​ទាំងពីរគ្រាប់នេះ​ ហោះហើរបានរយៈចម្ងាយ៣៨០​គីឡូម៉ែត្រ និងក្នុងរយៈកម្ពស់៩៧គីឡូម៉ែត្រ ។

មីស៊ីលផ្លោងទាំងនេះ​ ហាក់ដូច​ជាបានធ្លាក់​នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន​នោះទេ ។ នេះគឺជាការបាញ់សាកល្បង​មីស៊ីល​លើកទី១២ហើយ របស់កូរ៉េខាងជើង ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩​ រៀងរហូតមកដល់ពេលនេះ ។ កាលពីចុងខែតុលា ទីក្រុងព្យុងយ៉ាង​ បានបាញ់មីស៊ីលផ្លោងពីរគ្រាប់​ ​ហោះហើរ​បានរយៈចម្ងាយ៣៧០គីឡូម៉ែត្រ ក្នុងកម្ពស់៩០គីឡូម៉ែត្រ ឆ្ពោះទៅកាន់តំបន់សមុទ្រជប៉ុន។

ការបាញ់ផ្លោងមីស៊ីលថ្មីៗ​ទាំងនេះ​ របស់កូរ៉េខាងជើង​បានធ្វើឲ្យមានការរិះគន់ពីប្រទេសលោកខាងលិច ។ ជាពិសេស ប្រទេសអាល្លឺម៉ង់​បានអំពាវនាវ​ឲ្យកូរ៉េខាងជើង​ចាប់ផ្ដើមចរចាឡើងវិញ​ ជាមួយសហរដ្ឋអាមេរិក ស្ដីអំពីការរំសាយអាវុធ​របស់ខ្លួន ។ ចក្រភពអង់គ្លេស​ ក៏បានជំរុញឲ្យ កូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បង​មីស៊ីល និងបន្ត​កិច្ចចរចា​កិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក ៕

កន្លងមកថ្មី ប្រេសិតបរមាណូកំពូលរបស់កូរ៉េខាងជើងបាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់សំណើរសម្រាប់កិច្ចពិភាក្សាជាមួយកូរ៉េខាងជើងនៅក្នុងខែធ្នូ ខាងមុខនេះ ប៉ុន្តែទីក្រុងព្យុងយ៉ាងមានឆន្ទៈចូលរួមលុះត្រាតែទីក្រុងវ៉ាស៊ីនតោនបង្ហាញនូវដំណោះស្រាយជាមូលដ្ឋានមួយ ដើម្បីដោះស្រាយភាពជាប់គាំងបរមាណូ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានកូរ៉េ ( KCNA)ដែលជាប្រធានក្រុមចរចាបរមាណូរបស់កូរ៉េខាងជើង លោក Kim Myong-gil បានបង្ហាញថា សមភាគីសហរដ្ឋអាមេរិក គឺលោក Stephen Biegun ថ្មីៗនេះបានស្នើសុំរៀបចំកិច្ចប្រជុំនៅខែក្រោយតាមរយៈប្រទេសទីបី។

លោក គីម បាននិយាយថា «ប្រសិនបើកិច្ចពិភាក្សាស្វែងរកដំណោះស្រាយនៃបញ្ហាអាចធ្វើទៅបាន យើងត្រៀមខ្លួនជួបជាមួយសហរដ្ឋអាមេរិកនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

ប៉ុន្តែលោកក៏បានជំរុញឱ្យសហរដ្ឋអាមេរិក ដាក់ចេញនូវដំណោះស្រាយជាមូលដ្ឋាន ចំពោះគោលនយោបាយអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនឆ្ពោះទៅក្រុងព្យុងយ៉ាងមុនពេលអង្គុយជជែកពិភាក្សា។

ប្រេសិតរូបនេះបានព្រមានថា លោកមិនមានឆន្ទៈក្នុងការធ្វើកិច្ចចរចាអ្វីនោះទេ ប្រសិនបើសហរដ្ឋ អាមេរិកព្យាយាម «អំពាវនាវ» ដល់កូរ៉េខាងជើងដើម្បីឱ្យផុតកាលបរិច្ឆេទកំណត់ដូចដែលបានធ្វើនៅក្នុងកិច្ចចរចាកម្រិតការងាររបស់ពួកគេនៅក្នុងទីក្រុង Stockholm កាលពីខែតុលា។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានបន្តកិច្ចចរចានៅរដ្ឋធានីនៃប្រទេសស៊ុយអ៊ែតកាលពីខែមុន បន្ទាប់ពីមានភាពជាប់គាំងជាច្រើនខែ ប៉ុន្តែកិច្ចចរចាបានបែកបាក់ ដោយកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា មានភាពបរាជ័យក្នុងការធ្វើសំណើថ្មី។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកំណត់កាលបរិច្ឆេទនៅចុងឆ្នាំនេះសម្រាប់សហរដ្ឋ អាមេរិកដើម្បីដាក់សំណើស្តីពីការយល់ព្រមរបស់កូរ៉េខាងជើង ក្នុងការដកហូតអាវុធបរមាណូជាថ្នូរនឹងការដោះដូរសម្បទានសេដ្ឋកិច្ច និងនយោបាយ។

កិច្ចចរចានេះ គឺនៅទ្រឹងចាប់តាំងពីជំនួបកំពូលរវាងលោក គីម និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងអ្វីសោះកាលពីខែកុម្ភៈ នៅក្នុងប្រទេសវៀតណាម៕


ចែករំលែក៖