ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងយោធាអាមេរិករងការគំរាមកំហែងវាយប្រហារ​ ក្រោយទាហានអារ៉ាប បាញ់ប្រហារសម្លាប់ទាហាន​៤នាក់

ចែករំលែក៖

ទាហានរបស់អារ៉ាប៊ីសាអូឌីតដែលបានមកហ្វឹកហ្វឺន នៅក្នុងប្រទេសអាមេរិក បានបាញ់ប្រហារ នៅទីតាំងកងទ័ពអាកាស និងជើងទឹករបស់​អាមេរិក នៅ​ Pensacola ​រដ្ឋ Florida ​បណ្តាលឲ្យកងទ័ពស្លាប់ និងរបួស​ជាង​១០នាក់​។

ការបាញ់ប្រហារនេះ បានកើតឡើង កាលពីថ្ងៃទី​៦ ខែធ្នូ ដោយបានបណ្តាលឲ្យទាហាន​៤នាក់ស្លាប់ ក្នុងនោះមានទាហានជាជនដៃដល់​ផងដែរ។ ក្រៅពីនេះក៏មានទាហាន​៨នាក់ផ្សេងទៀតរងរបួស​ ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ។ នេះជាករណី​បាញ់ប្រហារ ដោយកាំភ្លើងលើកទីពីរហើយ នៅក្នុងមូលដ្ឋានកងទ័ពអាមេរិក ក្នុងរយៈពេល​១សប្តាហ៍កន្លងមក​នេះ។

អភិបាលរដ្ឋ​Florida ​លោក​ Ron Desantis ​បានប្រកាសឲ្យដឹងថា ទាហានរបស់អារ៉ាប៊ីសាអូឌីត ដែលមកហ្វឹកហាត់នោះ គឺជាអ្នកបាញ់ប្រហារ ​នៅក្នុងទីតាំងទាហានជើងទឹក​ Pensacola ​។ រីឯទាហានជាដៃដល់នោះឈ្មោះ​ Mohammed Alshamrani។ ក្រុមអ្នកឯកទេស កំពុងតែបើកការស្រាវជ្រាវ ថាតើទាហានជាដៃដល់នោះ មានការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមភេរវករដែរឬទេ។ ប៉ុន្ដែរហូតមកទល់នឹងពេលនេះ គេ​មិនទាន់មានការសន្និដ្ឋានច្បាស់លាស់នៅឡើយ។

ដោយឡែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​បានសរសេរនៅលើបណ្តាញសង្គម​ Twitter ថា​​ លោកបានពិភាក្សាជាមួយ​ព្រះមហាក្សត្រ អារ៉ាប៊ី សាអូឌីត ស្តីពីការបាញ់ប្រហារខាងលើនេះហើយ។​ រីឯរាជទាយាទ ព្រះអង្គម្ចាស់ Bin Salman ​ ក៏បានយាងចូលរួមរំលែកទុក្ខដល់គ្រួសារទាហានដែលរងការបាញ់សម្លាប់នេះផងដែរ។ ព្រះអង្គម្ចាស់ បានបញ្ជាកថា ជនដៃដល់មិនមែន ជាអ្នកតំណាងដល់ប្រជាពលរដ្ឋអារ៉ាប៊ីសាអូឌីត នោះឡើយ។

នេះជាការបាញ់ប្រហារដោយកាំភ្លើងជាលើកទីពីរហើយ ​នៅក្នុងទីតាំងទាហានជើងទឹកអាមេរិក​ ក្នុងរយៈពេល​១សប្តាហ៍កន្លងមកនេះ។ កាលពីថ្ងៃទី​៤ ខែធ្នូ​ កន្លងទៅថ្មីៗនេះ ទាហានជើងទឹក​អាមេរិក បានបាញ់សម្លាប់ ទាហានពីរនាក់ នៅក្នុងបន្ទាយទាហាន លើកោះហាវ៉ៃ ហើយទាហានជាដៃដល់ ក៏បានបាញ់សម្លាប់ខ្លួនឯងដែរ។

ជាមួយគ្នានេះដែរទាហានអាកាសអាមេរិក ប្រចាំនៅរដ្ឋ Florida ​ត្រូវបានជម្លៀសចេញដោយរងការគំរាមវាយប្រហារគ្រាប់បែក ។ កម្លាំងប្រឆាំងភេរវកម្មអាមេរិក ក៏បានទៅកាន់ទីតាំងទាហានខាងលើដើម្បីត្រួតពិនិត្យ។

ការព្រមានខាងលើ នៅវេលាម៉ោង​៣រសៀលថ្ងៃទី​៦ខែធ្នូ (ម៉ោងក្នុងតំបន់) ស្ថិតនៅទីតាំងទាហានអាកាស​ Patrick ​ក្នុងរដ្ឋ​ Florida ​អាមេរិក។ ការជម្លសទាហានចេញដោយសារតែការគំរាមខាងលើកើតឡើង ក្នុងពេលព្រមគ្នា​ នៃការបាញ់ប្រហារនៅទីតាំងទាហានជើងទឹក​ Pensacola ក្នុងរដ្ឋនេះដែរ​​ បណ្តាលឲ្យទាហាន​៤នាក់ស្លាប់និង ៨នាក់រងរបួស​ ការបាញ់ប្រហារនោះបង្កឡើងដោយទាហាន អារ៉ាប៊ី សាអូឌីត ដែលមកហ្វឹកហាត់នៅ ទីតាំងទាហានអាមេរិក។

ក្រោយការស្រាវជ្រាវ ស្វែងរក គ្រាប់បែក​ មិនឃើញ ទីតាំងទាហានអាកាស​ Patrick ក៏បានបើកឲ្យដំណើរការឡើងវិញ ជាធម្មតា​។

ការដែលអាមេរិកបង្ខំឲ្យជម្លៀសទាហានទៅកាន់តំបន់មានសុវត្ថិភាព ដោយសារតែ​ខ្លាច ការវាយប្រហារនៅទីតាំងទាហានជើងទឹកក្នុងរដ្ឋនេះ ជាសកម្មភាពភេរវកម្ម ហើយខ្លាចមានបក្ខពួកជាច្រើន​បង្កប់ខ្លួននៅក្នុងទីតាំងទាហានអាកាសអាមេរិក ។ ទាំងនោះហើយទើបអាមេរិក ប្រុងប្រយ័ត្នជាមុន៕


ចែករំលែក៖