ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតី ពិធីខួបអបអរសាទរខួបអនុស្សាវរីយ៍លើក ទី ៤១ នៃថ្ងៃជ័យជំនះ ៧ មករា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក.ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ វង្ស ពិសេស សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើក ទី ៤១ នៃថ្ងៃជ័យជំនះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពារាំង។
ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើក ទី ៤១ នៃថ្ងៃជ័យជំនះ ៧ មករា មានការអញ្ជើញចូលរួមពីអស់លោក លោកស្រីប្រតិភូ ក្រុមការការងារអមដំណើរ និងសមាជិក សមាជិកា ចំនួន៣៣៦នាក់។
នាយឧត្តមសេនីយ៍ វង្ស ពិសេស សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពារាំង ខេត្តព្រៃវែង ក៏បានអាននូវសន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គពិធីទាំងមូលបានដឹងពី ជ័យជម្នះ ៧មករា ធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងរយៈពេល៤១ឆ្នាំនេះ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានរំលឹកថ្ងៃទី៧ ខែ មករា ឆ្នាំ ២០២០នេះ គឺជាខួប ៤១ឆ្នាំដែលប្រទេសកម្ពុជាត្រូវបានសង្រ្គោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ។ របបព្រៃផ្សៃនេះ​ គឺបានធ្វើអោយជីវិតមនុស្សរាប់លាននាក់ត្រូវបានបាត់បង់ជីវិត ហើយប្រទេសជាតិវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងបន្តថា៖ កាលពី៤១ ឆ្នាំមុន ជាតិនិងប្រជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅសល់តែដង្ហើមចង្រឹត រង់ចាំតែថ្ងៃស្លាប់មកដល់តែប៉ុណ្ណោះ។ ប៉ុន្តែ ៤១ឆ្នាំ ក្រោយពីបានរំដោះប្រទេសចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍន៍ រីក និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិសារជាថ្មីផងដែរ។
សូមបញ្ជាក់ថា៖ ក្នុងខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃជ័យជម្នះ ៧ មករា សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅបេះដូងមនុស្សគ្រប់រូបៗ និងសូមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ និងអរគុណសន្តិភាព៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖