ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសជិត១០នាក់ដោយបាក់ព្រិលនៅជប៉ុន

ចែករំលែក៖

សារព័ត៌មានជប៉ុន បានផ្សាយថា​មានករណីបាក់ព្រិល រអិលពីកំពូលភ្នំនៅលើកោះហ៊ុកកៃដូ​​កាលពីថ្ងៃទី​៣០ ខែមករា បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជិត​១០នាក់ ។ ​

ជនរង្គ្រោះដោយករណីបាក់ព្រិលភាគច្រើនជាជនបរទេសទៅជិះស្កីលើព្រិល នៅតំបន់រម្មណីយដ្ឋានជិះស្គីលើទឹកកក​ ។ តាមប្រភពព័ត៌មាន​មានជនបរទេស​៨នាក់ទៅជិះស្គីនៅទីនោះ ។

ហេតុការណ៍បាក់ផ្ទាំងព្រិលទឹកកក​នេះ បានកើតឡើង​នៅពេលដែលក្រុមអ្នកជិះស្គី​ទាំងនោះ​បានកំណត់គ្នា​ទៅជិះស្គី ​នៅជិត​រមណីយដ្ឋាន ជិះស្គី Tomamu ភាគកណ្តាលដែនកោះ Hokkaido ។ នេះបើតាម​មន្ត្រី​ក្នុងតំបន់​បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។

អ្នកជិះស្គីម្នាក់​មានភព្វសំណាង​រួចផុតពីគ្រោះថ្នាក់នេះ បានផ្តល់ព័ត៌មាន​ដល់ប៉ូលិស​ក្នុងតំបន់​ស្វែងរកជំនួយបន្ទាន់ ។ ប៉ូលិស​បញ្ជាក់ថា ក្នុងចំណោម​ជនរងគ្រោះ​មានបុរស​ជនជាតិបារាំងម្នាក់ អាយុ​ប្រហែល៤០ឆ្នាំ សង្ស័យថា បានបាត់បង់ជីវិត​ដោយសារហេតុការណ៍នេះ ។ ចំណែកជនរងគ្រោះ៦នាក់ផ្សេងទៀតបាន​រងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ព័ត៌មានលម្អិត​អំពីអត្តសញ្ញាណរបស់ពួកគេ មិនត្រូវបានបញ្ជាក់ប្រាប់​ដល់អ្នកកាសែត​បានដឹងនោះទេ ។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ក្រុមជួយសង្គ្រោះ​បានឆ្ពោះ​ទៅកាន់កន្លែងកើតហេតុ​ធ្វើប្រតិបត្តិការជួយសង្គ្រោះ ។ ប៉ុន្តែ​ប្រតិបត្តិការ​ហាក់មានការលំបាក​ខ្លះ ដោយអាស្រ័យ​ប្រឈមនឹងការបាក់ផ្ទាំងព្រឹលទឹកកកដទៃផ្សេងទៀត ៕


ចែករំលែក៖