ព័ត៌មានទាន់ហេតុការណ៍៖

(Update)៖ ជំងឺកូរ៉ូណាសម្លាប់​មនុស្ស​កើនឡើង​ ៤៩២នាក់ និងឆ្លង ២៤ ៥៥១ នាក់

ចែករំលែក៖

ជំងឺ​រលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV) បានបន្តឆ្លង និងសម្លាប់​មនុស្ស​គ្រាប់នាទី មកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្លាប់មនុស្ស​កើន​៤៩២នាក់ និង ២៤ ៥៥២នាក់ ឆ្លងជំងឺនេះ ព្រមទាំងឆ្លងរាលដាល​ដល់ប្រទេសចំនួន​២៨​នៅក្នុងតំបន់ និងជុំវិញពិភពលោក ។ ជំងឺ 2019-nCoV នៅមិនទាន់រកឃើញថ្នាំព្យាបាល ឬវាក់សាំង​បង្ការនៅឡើយទេ ។

ប្រភព wikipedia បានផ្សាយថា ជំងឺនេះ​ផ្ទុះឡើងដំបូង​គេនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្ត ហូប៉ី ភាគកណ្តាលរបស់ប្រទេសចិន នៅក្នុងផ្សារលក់គ្រឿងសមុទ្រ​មួយ ដែលនៅទីនោះ​មានលក់សាច់សត្វព្រៃល្មើសច្បាប់ផង ។

នៅទីក្រុងទាំង​១៦ ក្នុងខេត្ត ហ៊ូប៉ី (Hubei) មានមនុស្សឆ្លងជំងឺកូរ៉ូណានេះ​សរុប ១៣ ៥២២​នាក់ និងស្លាប់ ៤១៤នាក់ ចំណែកអ្នកជំងឺ ៣៩៧នាក់​បានធូរស្បើយ​ចាកចេញពីមន្ទីរវិញផងដែរ ។

ប្រភពបន្តថា នៅទូទាំងប្រទេសចិន សរុបអ្នកឆ្លងជំងឺ​ទាំងអស់ ២៤ ៣២៤នាក់ និងស្លាប់​៤៩០នាក់ ។

ប្រទេសជប៉ុន ជាប្រទេសឆ្លងជំងឺនេះច្រើន​​គឺមានរហូតដល់​៣៣ករណី, ប្រទេសថៃឆ្លង​២៥ករណី, សិង្ហបុរី​២៤ករណី, ដែនដីហុងកុង​ឆ្លង​១៨ករណី ក្នុងនោះ១ករណីបានស្លាប់, កូរ៉េខាងត្បូង​១៦ករណី, អូស្ត្រាលី១៣ករណី, អាល្លឺម៉ង់​១២ករណី, តៃវ៉ាន់១១ករណី, អាមេរិក​១១ករណី, ម៉ាកាវ១០ករណី, ម៉ាឡេស៊ី១០ករណី, វៀតណាម​១០ករណី, បារាំង​៦ករណី, កាណាដា ៥ករណី, អារ៉ាប៊ីសាអ៊ូឌីត​៥ករណី, ឥណ្ឌា​៣ករណី, អ៊ីតាលី២ករណី, ហ្វីលីពីន២ករណី ក្នុងនោះ​ស្លាប់១ករណី, រុស្ស៊ី ២ករណី, អង់គ្លេស២ករណី, ប៊ែលហ្សិក១ករណី, កម្ពុជា ១ករណី, ហ្វាំងឡង់​១ករណី, នេប៉ាល់១ករណី, អេស្ប៉ាញ១ករណី ស្រីលង្កា១ករណី និងស៊ុយអែត ១ករណី ។

សរុបជំងឺ​រលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV) មកត្រឹមថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ២០២០ ឆ្លងសរុប​ ២៤ ៥៥១នាក់ និងស្លាប់មនុស្ស​អស់ ៤៩២នាក់ និងឆ្លង​ដល់ប្រទេសចំនួន​២៨ជុំវិញពិភពលោក ៕


ចែករំលែក៖