យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់តួកគីបានចុះចត ក្នុងអាកាសធាតុមិនអំណោយផង បណ្តាលឲ្យជ្រុលធ្លាក់ចេញពីផ្លូវ បាក់ជាពីរកំណាត់ ស្លាប់និងរបួសជាច្រើននាក់ ។
យន្តហោះជួបគ្រោះថ្នាក់ប្រភេទ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Pegasus ក្នុងប្រទេសតួកគី ដឹកអ្នកដំណើរ ប្រមាណជិត២០០នាក់ បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Sabiha Gokcen ទីក្រុង Istanbul ក៏បានជ្រុលខុសផ្លូវ ធ្លាក់ចូលដីវាលក្បែរនោះ បណ្តាលឲ្យយន្តហោះបាក់ជាពីរកំណាត់។ ប៉ុន្តែជាភពសំណាង យន្តហោះមិនបានផ្ទុះឆេះ បណ្តាលឲ្យអ្នកដំណើរ ម្នាក់ស្លាប់ និង ១៥៧នាក់រងរបួស ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគីលោក Fahrettin Koca បានប្រកាសថា អ្នកដំណើរដែលរងរបួសធ្ងន់ពីរនាក់ទៀតស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ សរុបមានអ្នកស្លាប់៣នាក់។ ក្រុមអ្នកជំនាញបានលើកឡើងថា អាកាសធាតុអាក្រក់ជាមូលហេតុបណ្តាលឲ្យយន្តហោះចុះខុសផ្លូវ ជួបគ្រោះថ្នាក់បែបនេះ។
ក្នុងពេលនេះដែរសារព័ត៌មាន Dailymail បានផ្សាយថា មានមនុស្ស៣នាក់ស្លាប់និង១៧៩នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Pegasus បានប្រកាសថា យន្តហោះដែលជួបគ្រោះថ្នាក់មានអ្នកដំណើរសរុបដល់ទៅ១៨៣នាក់ក្នុងនោះមានកុមារពីរនាក់ និងក្រុម បហុនិកា ៦នាក់។
អភិបាលទីក្រុង Istanbul បានប្រកាសឲ្យដឹងថា យន្តហោះបានជ្រុលចេញពីផ្លូវដល់ទៅ៦០ម៉ែត្រ ពេលចុះចត់ ហើយបាក់ជាពីរកំណាត់។យន្តហោះ ដឹកអ្នកដំណើរដែលជួបគ្រោះថ្នាក់នោះចុះចតនៅវេលាម៉ោង៦និង១៩នាទីថ្ងៃទី៥ ខែមករា(ម៉ោងក្នុងតំបន់) ដោយហោះហើរចេញពី ទីក្រុង Izmir ទៅកាន់ទីក្រុង Istanbul៕