មកដល់ពេលនេះ ស៊ីរី និងតួកគីកំពុងប្រឈមមុខតានតឹងដាក់គ្នា ដោយកងកម្លាំងប្រទេសទាំងពីរបានវាយឆ្មក់គ្នាទៅវិញទៅមកបណ្តាលឲ្យស្លាប់រៀងៗខ្លួន ។
បន្ទាប់ពីកងទ័ពស៊ីរីវាយប្រហារសម្លាប់កងទ័ពតួកគី យ៉ាងហោចណាស់៥នាក់នោះមក តួកគីវាយប្រហារសងសឹកវិញ ដោយបានសម្លាប់ទាហានស៊ីរី ចំនួន១០១នាក់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងខេត្ត Idlib ។នេះបើយោងតាមសារព័ត៌មាន TheNational បានចេញផ្សាយ ។
ប្រភពបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានថ្លែងថា កងទ័ពតួកគីបានវាយប្រហារទៅលើកងទ័ពស៊ីរី ដោយបានបណ្ដាលឲ្យស្លាប់ចំនួន១០១នាក់។ នេះជាការវាយប្រហារសងសឹកទៅលើកងទ័ពរបបគ្រប់គ្រងរបស់លោក បាសា អាល់អាសាដ ប្រធានាធិបតីស៊ីរី ដែលបានសម្លាប់កងទ័ពតួកគី យ៉ាងហោចណាស់៥នាក់ និងជាច្រើននាក់ផ្សេងទៀត រងរបួស នៅក្នុងខេត្ដ Idlib កាលពីថ្ងៃទី១០ ខែកុម្ភៈ ។
ក្រសួងការពារជាតិតួកគី បានថ្លែងថា កាំភ្លើងធំរបស់តួកគី បានឆ្លើយតបជាបន្ទាន់ ចំពោះការវាយប្រហារ នៅក្នុងតំបន់ Taftanaz ជាទីកន្លែងដែលកងកម្លាំងរបស់ខ្លួនឈរជើង ដើម្បីបញ្ឈប់ការបង្កើនការវាយលុកពីកងទ័ពរដ្ឋាភិបាលស៊ីរី ចូលទៅក្នុងខេត្ត Idlib ។ កងទ័ពតួកគីបានកម្ទេចរថក្រោះ ចំនួន៣គ្រឿង កាំភ្លើងធំ ចំនួន២គ្រឿង និងឧទ្ទាម្ភាគចក្រមួយគ្រឿងរបស់ស៊ីរី។
នៅក្នុងរយៈពេល១សប្ដាហ៍មកនេះ ការវាយប្រយុទ្ធគ្នា កាន់តែខ្លាំងក្លាឡើង នៅក្នុងតំបន់ចុងក្រោយរបស់ឧទ្ទាម បន្ទាប់ពីកងទ័ពស៊ីរីបានវាយប្រហារសម្លាប់កងទ័ពតួកគី ចំនួន៧នាក់ និងជនស៊ីវិលម្នាក់ នៅក្នុងខេត្ត Idlib ។ ដោយសារតែបញ្ហានេះ ទើបជំរុញឲ្យទីក្រុងអង់ការ៉ា (រដ្ឋាភិបាលតួកគី) បានបញ្ជូនកងទ័ពរបស់ខ្លួន និងគ្រឿងចម្បាំងកាន់តែច្រើនឡើង ចូលទៅក្នុងខេត្តភាគពាយព្យ នៃប្រទេសស៊ីរី។
ឧបទ្ទហេតុចុងក្រោយនេះ បានកើតឡើង ចំពេលមន្រ្ដីតួកគី និងរុស្ស៊ី បានចរចាគ្នាជាលើកទី២ នៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ដើម្បីពិភាក្សាគ្នា ស្ដីពីការវាយប្រយុទ្ធគ្នា នៅក្នុងខេត្ត Idlib នេះ។ ការវាយប្រហារគ្នា រវាងកងទ័ពស៊ីរី និងក្រុមប្រដាប់អាវុធ ហើយនិងការសងសឹករបស់កងទ័ពតួកគី បានជំរុញឲ្យប្រជាពលរដ្ឋ ជិត៦សែននាក់ រស់នៅក្នុងខេត្តមួយនេះ បង្ខំចិត្តរត់ភៀសខ្លួន ទៅកាន់ព្រំដែន នៃប្រទេសតួកគី។
សង្រ្គាម បានផ្ទុះឡើង នៅក្នុងប្រទេសស៊ីរី កាលពីអំឡុងឆ្នាំ២០១១ ដោយបានបណ្ដាលឲ្យជនស៊ីវិល រាប់សែននាក់បាត់បង់ជីវិត និងប្រហែល៥លាននាក់ រត់ភៀសខ្លួនទៅកាន់ប្រទេសអារ៉ាប់ និងតួកគី។ ក្នុងចំណោមជនភៀសខ្លួនទាំងនោះ មានប្រហែលជាង៣,៦លាននាក់ រស់នៅក្នុងជំរំជនភៀសខ្លួន លើទឹកដីតួកគី៕