ប្រភពព័ត៌មាន CBSNEWS បានផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់មន្ត្រីយោធាចិនចំនួន៤រូប ដែលអាមេរិកចោទប្រកាន់ពីបទលួច (hack)ដ៏ច្រើនទិន្នន័យក្រុមហ៊ុនឥណ្ឌទាន Equifax និងលួចព័ត៌មានឯកជនរបស់ពលរដ្ឋអាមេរិករាប់លាននាក់ផងដែរកាលពីឆ្នាំ២០១៧ ។
នៅក្នុងសន្និសិទកាសែតកាលពីថ្ងៃទី១០ ខែកុម្ភៈ គណៈអគ្គមេធាវី William Barr បានថ្លែងថា «នេះជាការបែកធ្លាយទិន្នន័យមួយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ»។ «ទំហំនៃការលួចនេះមានទំហំធំធេង និងភ្ញាក់ផ្អើលបំផុត» ។ ដូចបានសរសេរនៅក្នុងបទចោទប្រកាន់នោះ គេបានបញ្ជាក់ថា ពួកអ្នកលួចទិន្នន័យទាំងនេះ បានលួចទាំងឈ្មោះ, ថ្ងៃ ខែឆ្នាំកំណើត និងព័ត៌មានសន្តិសុខសង្គម របស់ប្រជាជនអាមេរិកជិត១៤៥លាននាក់ ហើយនិងលួចទិន្នន័យបណ្ណបើកបរប្រជាជនអាមេរិកយ៉ាងតិចប្រហែល១០លាននាក់ផងដែរ ។
រដ្ឋអាជ្ញាអាមេរិកបានបញ្ជាក់ថា ជនដែលចោទប្រកាន់ទាំង៤នាក់រួមមានឈ្មោះ៖ Wu Zhiyong, ឈ្មោះ Wang Qian, ឈ្មោះ Xu Ke និងឈ្មោះ Liu Lei ។ ពួកគេទាំង៤រូប គឺជាសមាជិកវិទ្យាស្ថានស្រាវជ្រាវទី៥៤, ដែលជាសមាសភាគមួយរបស់កងកម្លាំងរំដោះប្រជាជនចិន (CPLA)។
គណៈអភិបាលសហព័ន្ធនៅអាត្លង់តា សហរដ្ឋអាមេរិក បានចោទប្រកាន់ជនទាំងបួនរូបនេះ ចំនួន៩បទចោទប្រកាន់ ក្នុងនោះមានបទលួចតាមប្រព័ន្ធកុំព្យូទ័រ, ចារកម្មសេដ្ឋកិច្ច ក៏ដូចជាការលួចតាមបណ្តាញជាដើម ។
បុរសទាំង៤រូបនេះមិនទាន់ត្រូវបានចាប់ខ្លួនបញ្ជូនចូលគុកនៅឡើយទេ ហើយភ្នាក់ងារ FBI បាននិងកំពុងពិចារណាស្វែងរកចាប់ខ្លួន ។
ករណីមួយនេះ គេនៅមិនទាន់ឃើញការឆ្លើយតបបែបណាពីខាងភាគីចិននៅឡើយទេ ៕