ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសសង្គ្រាម ប្រឆាំង វីរុស កូវីដ COVID-19

ចែករំលែក៖

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអីន នៅថ្ងៃទី៣ ខែមីនា បានប្រកាស ចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំង វីរុស កូវីដCOVID-19 ហើយដាក់ស្ថាប័នរដ្ឋទាំងអស់ក្នុងភាពអាសន្ន ២៤លើ២៤ម៉ោង។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតី ម៉ូន ជេអ៊ីនបានប្រកាសគម្រោងចំណាយប្រាក់ ២៥ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីធ-១៩។ រដ្ឋាភិបាល និងក្រសួងគ្រប់គ្រងគ្រោះអាសន្ន និងជំងឺឆ្លង បានរួមគ្នាដើម្បីទប់ស្កាត់ ការឆ្លងរាលដាលឲ្យមានប្រសិទ្ធភាពបំផុត ។
សកម្មភាពខាងលើរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង កើតឡើងក្រោយពេលដែល ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម កើនឡើងដល់ទៅ៦០០នាក់ក្នុងមួយថ្ងៃ។ ជាមួយគ្នានោះប្រធានាធិបតីក៏បានសុំទោសដល់ពលរដ្ឋ ដែលមិនបានផ្គត់ផ្គត់ ម៉ាស់ និងសម្ភារៈចាំបាច់ ឲ្យទាន់ពេលវេលាដល់ពលរដ្ឋដើម្បីការពារ ។

ដោយឡែកទាហានកូរ៉េខាងត្បូង ៣១នាក់ឆ្លងវីរុស កូវីដCOVID-19
គិតមកដល់ថ្ងៃត្រង់ ថ្ងៃទី៣ ខែមីនា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា មានទាហានដល់ទៅ៣១នាក់ បានឆ្លងវីរុស កូវីដCOVID-19 ។ ក្នុងចំណោមអ្នកឆ្លង មានបុគ្គលិកស៊ីវិល បម្រើក្នុងវិស័យយោធា៣នាក់និងរកឃើញឆ្លងវីរុស ធ្វើឲ្យអ្នកឆ្លងកើនឡើង៣១នាក់។
ក្រៅពីនេះនៅមានទាហានអាកាសម្នាក់ និងទាហានជើងទឹក វាយឡើងគោកម្នាក់នៅទីក្រុង Gយ៉ុងសេង Gyeongsang ។ ក្នុងចំណោមទាហាន៣១នាក់ឆ្លង កូវីដCOVID-19 ក្នុងនោះមានទាហានជើងគោក១៧នាក់ ទាហានអាកាស១១នាក់ ទាហានជើងទឹកវាយឡើងគោក២នាក់ និងទាហានជើងទឹកម្នាក់។
បច្ចុប្បន្នមានទាហានកូរ៉េខាងត្បូង ៧៤១០នាក់ ត្រូវបានកាត់ផ្តាច់ឲ្យនៅដាច់ដោយឡែកដើម្បីតាមដានថាតើមានឆ្លងវីរុសផ្លូវដង្ហើមដែរឬទេ។ ក្រៅពីនេះកម្លាំងទាហានកូរ៉េខាងត្បូង បានសម្រេចផ្អាករាល់សកម្មភាពធ្វើសមយុទ្ធ។
ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុស កូវវីដCOVID-19 កាន់តែខ្លាំងឡើងនៅកូរ៉េខាងត្បូង ក្រសួងការពារជាតិកូរ៉េខាងត្បូងបានសម្រេច បញ្ជូនពេទ្យយោធា៧៥នាក់ ទៅកាន់មន្ទីពេទ្យ នៅទីក្រុង ដេគូ Daegu នៅថ្ងៃទី៣ខែមីនា នេះ។ សរុបមានពេទ្យយោធា១១០នាក់ កំពុងបំពេញភារកិច្ចទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុស ផ្លូវដង្ហើម។
គិតដល់រសៀល ថ្ងៃទី៣ខែមីនាកូរ៉េខាងត្បូង មានករណីឆ្លងវីរុស ដល់ទៅ៤៨១២នាក់ ក្នុងចំណោមនោះមាន៧៥ភាគរយ ស្ថិតនៅក្នុងទីក្រុង ដេគូDaegu ៕ ម៉ែវ សាធី


ចែករំលែក៖