ភ្នំពេញ៖ ដោយសារស្ថានភាពផ្សារស្ទឹងមានជ័យចាស់ ទ្រុឌទ្រោមខ្លាំង បានសង់ឡើងតាំងពីទសវត្សរ៍ទី៦០ ដោយធ្វើអំពីឈើប្រក់ក្បឿង ដែលនឹងអាចបង្ក ឲ្យមានគ្រោះថ្នាក់ដល់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់នៅក្នុងផ្សារនេះ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹក នាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យ មើលស្ថានភាពផ្ទាល់ក្នុងទីតាំងស្ទឹងមានជ័យចាស់នេះ ដើម្បីធ្វើការជួសជុលផ្សារនេះឡើងវិញ ប្រសិនបើ បងប្អូន អាជីវករផ្សារស្ទឹងមានជ័យ បានឯកភាពគ្នា លើ សម្លេង៦០ភាគរយ ទៅ៧០ភាគរយ នោះរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការជួសជុលភ្លាម
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់បែបនេះខណៈលោក ចុះពិនិត្យសំណង់ផ្សារកាលពីថ្ងៃទី០៣ មីនា ឆ្នាំ២០២០ ។
លោកបានបញ្ជាក់ថា៖ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញដែលជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋតែងបានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងនៅពេលនេះ ផ្សារស្ទឹងមានជ័យចាស់ ដែល បានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនោះ ឃើញ ថាមានសភាពចាស់ទ្រុឌទ្រោម ហើយវានឹងអាច បង្កគ្រោះថ្នាក់ដល់បងប្អូនអាជីវករនិងប្រជាពលរដ្ឋ ខណៈ មានភ្លៀងឬ ខ្យល់កន្ត្រាក់ម្តងៗ ។ ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការជួសជុលផ្សារនេះ ឲ្យបានល្អប្រសើរឡើងវិញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះ បើបងប្អូនអាជីវករ មានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ ។ តែបើមានប្រជាពលរដ្ឋអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានី ភ្នំពេញនឹងធ្វើការជួសជុលអោយបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង។
សូមបញ្ជាក់ថា៖ ផ្សារស្ទឹងមានជ័យចាស់តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្សារនេះបានកសាងឡើងក្នុងឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿងដែលមានទំហំ១៣ ម៉ែត្រគុណនិង១៨ ម៉ែត្រ។ប៉ុន្តែមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជាកណ្តៀរ ខ្មូតជាដើមជាដើមចូលស៊ី និងដោយ សារមានអាយុកាលយូរហើយនោះបានធ្វើអោយតួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យស្នើសុំមករដ្ឋបាលរាជធានីអោយធ្វើការជួសជុលឡើង វិញ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយយថហេតុដោយបងប្អូនប្រជាពលរដ្ឋនិងអាជីវករ ៕
ដោយ៖ សំរិត