ខេត្តបន្ទាយមានជ័យ ៖ នៅ ថ្ងៃ អង្គារ ១០កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែ មីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក លោកស្រី វ៉ាន់ លុយ ឧកញ៉ា ទៀង ថៃ និង លោកស្រី ភោគ សោភ័ណ បានអញ្ជើញជាអធិបតីប្រគល់ផ្ទះចំនួន៥៩ខ្នង ដែលជាអំណោយដ៏ថ្លៃ្លថ្លារបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង លោកស្រី ពេជ ចន្ទមុនី ជូនដល់យោធិនពិការក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនបានកាន់តែប្រសើឡើង។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ អ៊ុត សំអាត នាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្របានលើកឡើងថា យោធិនពិការដែលកំពុងរស់នៅក្នុងមណ្ឌលមានចំនួន៥៩៥គ្រួសារ ក្នុងនោះមានចំនួន៤៩៦គ្រួសារបានទទួលផ្ទះស្នាក់នៅនិងរស់នៅបានសមរម្យនិង៩៩គ្រួសារទៀតបន្តរស់នៅក្នុងខ្ទមដែលសង់រស់នៅបណ្តោះអាសន្នលើដីអង្គភាពចែកជូននៅឡើយ ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ បានអញ្ជើញជួបជួបសំណេះសំណាលជាមួយយោធិន ពិការទាំងអស់ នីងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរដល់សុខទុក្ខយោធិនចូលនិវត្តន៍ យោធិនពិលី យោធិនពិការ និង យោធិនការត់រំសាយពិសេសយោធិនពិការក្នុងមណ្ឌលអភិវឌ្ឍន៍យោធិន៣១៧ភ្នំឆ័ត្រ។
លោក ព្រហ្ម មរណៈ ក៏បានចូលរួមអបអរសាទរចំពោះបងប្អូនយោធិនពិការដែលទទួលបានការជួយឧបត្ថម្ភផ្ទះស្នាក់នៅពីសំណាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកស្រី ។ ការផ្តល់ផ្ទះជូននេះ គឺបងប្អូនអាចរស់នៅបានសមរម្យ តែកុំភ្លេចជួយថែរក្សាផង។ ដោយឡែកអ្វីដែលបងប្អូនពិការទទួលបានទាំងការរស់នៅ ទាំងទីជម្រក និងដីសម្រាប់បង្កបង្កើនផលនោះ គឺបានមកពីប្រទេសមានសន្តិភាពគឺមានការរីកចម្រើន មានការអភិវឌ្ឍលើគ្រប់វិស័យធ្វើឲ្យជីវភាពនៃការរស់នៅរបស់បងប្អូនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារប្រសើរថែមទៀត ៕ សហការី