ព័ត៌មានទាន់ហេតុការណ៍៖

ខំទុកចិត្ត ហៅមកបើករថយន្ត បែរជាបែកគំនិតលួចសម្ភារៈយកទៅលក់ ត្រូវម្ចាស់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកបើកបររថយន្តដឹកឥដ្ឋការ៉ូ បានធ្វើសកម្មភាពលួចយកកង់រថយន្តនិងបន្លំចាក់ប្រេងលើសលីត្រចំនួន០២លើក បានប្រហែល២០០លីត្រ ទៅលក់បានលុយស៊ីចាយអស់ ចុងក្រោយត្រូវម្ចាស់ដឹងក៏ឃាត់ខ្លួនយកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមីនាឆ្នាំ២០២០នេះថា ជនសង្ស័យមានឈ្មោះ ម៉េវ គ្នាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ហែម សុផល ភេទប្រុស អាយុ៣៩ឆ្នាំ កំពុងតែនៅផ្ទះលេខ២៣ ផ្លូវលេខ២៩ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីរសៀលជនរងគ្រោះឈ្មោះ ហែម សុផល បានឲ្យជនសង្ស័យឈ្មោះ ម៉េវ គ្នាង បើករថយន្តមួយគ្រឿងម៉ាក FAW ពណ៌ក្រហមលាយបៃតង ពាក់ស្លាកលេខភ្នំពេញ 3A-1573 ដឹកការ៉ូចេញពីស្រុកវាលរិញ ខេត្តព្រះសីហនុ មកដាក់នៅឃ្លាំង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៧និង២០នាទីព្រឹក ជនរងគ្រោះបានមើលGPSតាមរយៈទូរស័ព្ទដៃ ឃើញរថយន្តខាងលើ ដែលជនសង្ស័យជាអ្នកបើកនោះ បានចតទុកចោលនៅខាងមុខរោងចក្រទឹកកកស្ថិតនៅភូមិប្រការខាងលើ ហើយជនរងគ្រោះក៏បានឱ្យកម្មករទៅមើលឃើញតែរថយន្តមិនឃើញជនសង្ស័យទេ រួចជនរងគ្រោះក៏ឲ្យកម្មករត្រួតពិនិត្យមើលសម្ភារនៅក្នុងរថយន្តស្រាប់តែឃើញបាត់កង់រថយន្តចំនួន០១គ្រាប់ ដែលមានតម្លៃ២៥០ដុល្លារអាមេរិក ហើយជនរងគ្រោះក៏បានធ្វើការទំនាក់ទំនងទៅជនសង្ស័យ តែមិនអាចទាក់ទងបាន ។

ប្រភពបន្ថែមទៀតថា លុះដល់វេលាម៉ោង៩ព្រឹកថ្ងៃដដែល ជនរងគ្រោះក៏បានទៅតាមរកជនសង្ស័យឃើញកំពុងតែលាក់ខ្លួននៅក្នុងយានដ្ឋានជួសជុលរថយន្ត០១កន្លែង ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល រួចជនរងគ្រោះក៏បាននាំខ្លួនជនសង្ស័យយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស នៅវេលាម៉ោង ០០និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដើម្បីធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ(ជនសង្ស័យ) ពិតជាបានលួចយកកង់រថយន្តទៅលក់ និងបន្លំចាក់ប្រេងលើសលីត្រចំនួន០២លើក បានប្រហែល២០០លីត្រ ហើយយកទៅលក់ឱ្យអ្នកទិញតាមផ្លូវសាធារណៈមិនចាំកន្លែង បានលុយយកទៅស៊ីចាយអស់ប្រាកដមែន ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖