ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ ពីមុនដេញវាយពលរដ្ឋចិនពាក់ម៉ាស់នៅស្ថានីយរថភ្លើង​ ថាវីរុស ចុះពេលនេះវិញ?

ចែករំលែក៖

ខណៈដែលចិនកំពុងគ្រប់គ្រង ស្ថានភាពនៃការឆ្លងរាលដាលវីរុសកូវីដ-១៩ បានល្អបំផុត ដោយមានអ្នកស្លាប់ និងឆ្លងធ្លាក់ចុះ ទាប់បំផុត ក្នុងមួយថ្ងៃៗ។ ចំណែកអ្នកចេញពីមន្ទីរពេទ្យក៏កើនឡើងជិត​៥ម៉ឺននាក់ហើយដែរ​។

ចំណែកអាមេរិកវិញ ដែលរើសអើង​ជនជាតិចិន ដោយបុរសជនជាតិអាមេរិកម្នាក់បានដេញវាយជនជាតិចិនពាក់ម៉ាស់ថាជា វីរុស ឥឡូវយ៉ាងម៉េចហើយម្តេចមិនដេញវាយពលរដ្ឋអាមេរិក ពាក់ម៉ាស់ដែរទៅ។ ពេលនេះអាមេរិកមានអ្នកស្លាប់ ៩នាក់និងឆ្លងជាង​១០០នាក់ដោយកូវីដ-១៩។

កាលពីថ្ងៃទី​៣ ខែមីនា អាមេរិកមានករណីស្លាប់ ដោយសារវីរុស​ Covid-19 ចំនួន៣នាក់បន្ថែមទៀត ​ធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់ទៅ​៩នាក់។ មន្ត្រីទីក្រុងវ៉ាស៊ីនតោន បានប្រកាសអាន្ន ក្នុងការទប់ស្កាត់ឆ្លងរាលដាល នៃវីរុសផ្លូវដង្ហើមដ៏កាចសហាវនេះ​។

ចំនួនអ្នកស្លាប់ទាំង៩នាក់ គឺស្ថិតនៅរដ្ឋ​វ៉ាស៊ីនតោន  ភាគខាងលិចទឹកដីអាមេរិក  ហើយអ្នកស្លាប់ ភាគច្រើន ស្ថិតក្នុងមណ្ឌលចាសជរា​​ នៅតំបន់​ Seattle

វេជ្ជបណ្ឌិតNancy Messonnier តំណាងមជ្ឈមណ្ឌលគ្រប់គ្រងបង្ការជំងឺឆ្លង អាមេរិក​ CDC បានលើកឡើងថា អ្វីដែលបានកើតឡើង​ នៅក្នុងទឹកដីអាមេរិក នាពេលនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ​

លោកស្រី​ Nancy Messonnier បានបញ្ជាក់ថា ប្រទេសចិន ​ជាកន្លែងផ្ទុះឡើងវីរុសផ្លូវដង្ហើមនេះ កាលពីពីរខែមុន​។ នេះបង្ហាញឲ្យឃើញថា ​មនុស្សចាស់ជរាមានភាពខ្សោយ ងាយនឹងឆ្លងវីរុស​ផ្លូវដង្ហើម  ដោយមានអត្រាខ្ពស់ជាង​ក្មេងៗ ដែលមានសុខភាពល្អ រហូតដល់ទៅ​២ដង។

បច្ចុប្បន្ន នៅក្នុងទឹកដីអាមេរិក មានករណីឆ្លងវីរុសផ្លូវដង្ហើម កើនឡើងដល់១០៨នាក់​ ក្នុងនោះមាន​៦០នាក់ឆ្លង នៅក្នុងទឹកដីអាមេរិក និង​ពលរដ្ឋអាមេរិកចំនួន៤៨នាក់ឆ្លងមកពីក្រៅប្រទេស។ នៅថ្ងៃទី​៤ ខែមីនា សភាអាមេរិកនឹងបោះឆ្នោត​អនុម័តមូលនិធិបន្ទាន់ សម្រាប់ទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសផ្លូវដង្ហើមថ្មី ដែលមានទឹកប្រាក់ រហូតដល់ទៅ ៨,៨ពាន់លានដុល្លារ។

ចំនួនអ្នកស្លាប់និងឆ្លងCovid-19នៅអឺរ៉ុប កើនឡើងខ្ពស់

បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប​ មានករណីឆ្លងវីរុស Covid-19 កើនឡើងខ្ពស់  ក្នុងថ្ងៃទី​៣ខែមីនា។ នៅក្នុងប្រទេសអ៊ីតាលី មានករណីស្លាប់ដោយវីរុសផ្លូវដង្ហើម ២៧នាក់និងជិត​៥០០នាក់ឆ្លងថ្មី​ ចំនួនអ្នកស្លាប់នៅអ៊ីតាលី កើនឡើង ដល់​៧៩នាក់ និងអ្នកឆ្លង ២៥០២នាក់​។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង រដ្ឋាភិបាលអ៊ីតាលី​បានសម្រេចចេញច្បាប់ថ្មី​ ហាមពលរដ្ឋចាប់ដៃ  និងឈរឆ្ងាយពីគ្នា យ៉ាងតិច​២ម៉ែត្រ ។ ជាមួយគ្នានោះ ការប្រកួតកីឡាទាំងអស់នៅទូទាំងប្រទេស អ៊ីតាលីត្រូវលុបចោល ។

ដោយឡែកនៅក្នុងប្រទេសបារាំងវិញ​ ក្នុងថ្ងៃទី​៣ខែមីនា មានអ្នកស្លាប់ម្នាក់ទៀតហើយ និងអ្នកឆ្លងថ្មីមាន​២១នាក់​ ធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើង​៤នាក់នៅបារាំង និងឆ្លងកើនឡើង​២១២នាក់​។ ប្រធានាធិបតីបារាំង បានលុប ដំណើរទស្សនកិច្ចទៅក្រៅប្រទេស​ដើម្បីបញ្ជារយុទ្ធនាការប្រឆាំងវីរុស​ Covid-19 ។ ប្រធានាធិបតីបារាំង បានបញ្ជាក់ថា សង្គ្រាមប្រឆាំងវីរុស Covid-19 នឹងត្រូវអូសបន្លាយរយៈពេលយូ​។

ជាមួយគ្នានេះ​ រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចបារាំង លោក Bruno Le Maire ​បានប្រកាសថា​នឹងផាកពិន័យយ៉ាងធ្ងន់បំផុតដល់អ្នកដែលលក់ម៉ាស់និងទឹកលាដៃថ្លៃជាងតម្លៃបានកំណត់ឲ្យ​។ ដោយឡែកក្រសួងការពារជាតិ​ នឹងកោះប្រជុំមន្ត្រីការពារជាតិដើម្បីចាត់វិធានការទប់ស្កាត់ ការឆ្លងរាលដាលកាន់តែខ្លាំង​។ បច្ចុប្បន្ន ប្រទេសក្នុងតំបន់អឺរ៉ុប​មានអ៊ីតាលីជាដើម ។

នៅក្នុងប្រទេសអល្លឺម៉ង់​ វិញមានករណីឆ្លងវីរុសផ្លូវដង្ហើមមានដល់ទៅ​១៨០នាក់ ​ចំណែកអេស្បាញវិញក៏មាន​១៦០នាក់ ផងដែរ​។ ដោយឡែកនៅអង់គ្លេសមានអ្នកឆ្លង​សរុប​៥១នាក់​៕ ម៉ែវ សាធី


ចែករំលែក៖