ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ូហាម៉េដ អារីហ្វ ម៉ាដយូសូហ្វ (Mohamad Ariff Md Yusof) «កិច្ចប្រជុំពេញអង្គនៃសភា នឹងត្រូវលើកទៅថ្ងៃទី១៨ ខែឧសភាថ្មី» ក្រោយទទួលបានលិខិតពីនាយករដ្ឋមន្ត្រី

ចែករំលែក៖

គូឡាឡាំពួរ៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០នេះថា លោក ម៉ូហាម៉េដ អារីហ្វ ម៉ាដយូសូហ្វ (Mohamad Ariff Md Yusof) ប្រធានសភាម៉ាឡេស៊ី បានបញ្ជាក់ថា សម័យប្រជុំពេញអង្គរបស់សភា នឹងត្រូវលើកពេលរហូតដល់ថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ បន្ទាប់ពីមានការផ្លាស់ប្ដូរមួយ នៅក្នុងរដ្ឋាភិបាលសហព័ន្ធកាលពីសប្ដាហ៍មុន ។

លោកប្រធានសភាម៉ាឡេស៊ី បានបញ្ជាក់ថា លោកទទួលបានលិខិតមួយច្បាប់ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថ្មី លោក មូហ៍យីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) ជុំវិញកាលបរិច្ឆេទថ្មី នៃការរៀបចំកិច្ចប្រជុំសភា ។ បើតាមលិខិតនេះដដែល រដ្ឋាភិបាលរបស់លោក Muhyiddin បានសម្រេចចិត្តថា កិច្ចប្រជុំលើកដំបូងនៃសម័យប្រជុំលើកទី ៣ នៃសភានីតិកាលទី ១៤ ដែលដំបូងឡើយគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ត្រូវបានលើកពេលរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

លោក Mohamad Ariff Md Yusof បន្ថែមទៀតថា សភាម៉ាឡេស៊ីនឹងមានរយៈពេលប្រជុំ ១៥ថ្ងៃ គឺចន្លោះពី១៨ ខែឧសភា និងថ្ងៃទី២៣ ខែមិថុនា ខណៈកិច្ចប្រជុំលើកទី ២ នឹងត្រូវធ្វើឡើងពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែសីហា ហើយកិច្ចប្រជុំលើកទី ៣ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ក្នុងឆ្នាំ២០២០។

គួរបញ្ជាក់ថា ការប្រកាសពីការពន្យារពេលខាងលើ ធ្វើឡើងបន្ទាប់ពីលោក Muhyiddin Yassin ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី ៨ ជំនួសលោក មហាធៀ មហំាម៉ាត់ ដែលបានសម្រេចចិត្តលាលែងចេញពីតំណែងកាលពីចន្ទ សប្ដាហ៍មុន និងក្រោយពីគណបក្សចំរុះ ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) បានអំពាវនាវឱ្យសភាបើកកិច្ចប្រជុំសភានៅថ្ងៃទី០៩ ខែមីនានេះ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា តើសមាជិកសភាភាគច្រើនពិតជាគំាទ្រឱ្យលោក Muhyiddin អង្គុយលើកៅអីជានាយករដ្ឋមន្ត្រីដែរ ឬក៏យ៉ាងណា៕ ម៉ែវ សាធី


ចែករំលែក៖