ព័ត៌មានទាន់ហេតុការណ៍៖

លោក​ Joe Biden ទទួលបានការគំាទ្រខ្ពស់ពីពលរដ្ឋ​ សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីអាមេរិក ដែលជាអតីតអនុប្រធានាធិបតីអាមេរិក លោក​ Joe Biden ​ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ ។ ជាមួយគ្នានោះបេក្ខភាពជាច្រើនរូប បានសម្រេច​បោះបង់ចោលការប្រកួតប្រជែង​​ក្នុងនោះមានមហាសេដ្ឋី​ Mike Bloombergក្រោយការចំណាយប្រាក់រហូតដល់ទៅ​ជាង​៥០០លានដុល្លារ​ ប៉ុន្តែមិនអាចទទួលបានការគាំទ្រគ្រប់គ្រាន់ ក្លាយជាបេក្ខភាពតំណាងឲ្យគណបក្សប្រជាធិបតេយ្យ ប្រជែងតំណែងប្រធានាធិបតីអាមេរិក ​ក្នុងការបោះឆ្នោត នាពេលខាងមុខនោះឡើយ​។ នៅ​ពេលនេះ មហាសេដ្ឋី​ Mike Bloomberg បានសម្រេចដកខ្លួន ចេញពីបេក្ខភាពប្រធានាធិបតីហើយ ដោយសារលោកមិនទទួលបានលទ្ធផលដូចការចង់បាន។

នៅថ្ងៃទី​៥ ខែមីនា លោក Mike Bloomberg បានសម្រេចដកខ្លួនចេញជាផ្លូវការ​ ប៉ុន្តែលោកបានប្រកាសគាំទ្រដល់អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ឲ្យ​ឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាមេរិកបន្ដទៀត។

មហាសេដ្ឋី​ Mike Bloomberg បានលើកឡើងថា កាលពី​៣ខែមុន ​ខ្ញុំបានសម្រេចចិត្តចូលរួម ក្នុងការប្រកួតប្រជែង​តំណែងប្រធានាធិបតី​។ នៅថ្ងៃនេះ ខ្ញុំសូមដកខ្លួនចេញ ​ទុកឲ្យអ្នកមានសមត្ថភាពយកប្រជែងជាមួយលោកត្រាំ​»។ ជាមួយគ្នាដែរ លោកបានគាំទ្រ​នយោបាយរបស់​លោក Joe Biden ក្នុងវិស័យ​​សុវត្ថិភាព​ កាំភ្លើង សុខាភិបាល  បម្រែបម្រួលអាកាសធាតុ និង ការងារ…។

នៅពេលនេះលោក Joe Biden ​ទទួលបានការគាំទ្រខ្ពស់ នៅ​ក្នុងរដ្ឋចំនួន៩ រួមមាន រដ្ឋ Alabama, Arkansas, Massachusetts, Minnesota, Carolina, Oklahoma, Tennessee, Virginia និង Texas ។ ជាមួយនឹងជ័យជម្នះខាងលើនេះ លោក Biden អាចក្លាយជា​បេក្ខភាព​របស់បក្សប្រជាធិបតេយ្យ ប្រជែងតំណែងប្រធានាធិបតីជាមួយលោកត្រាំ ក្នុងការបោះឆ្នោត​ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០២០៕ ម៉ែវ សាធី


ចែករំលែក៖