ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោកស្រី បានអញ្ជើញក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មន្ត្រីជុំវិញខណ្ឌ ប្រមាណជិត១០០នាក់ ។
នៅក្នុងឱកាសនោះ លោកស្រី ឥន លីម្មី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ជូនដល់អង្គពិធី។
លោក ថេង សុថុល បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ មានគោលបំណង រំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរសជាស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិសិរីភាព និងតួនាទី ស្មើគ្នារវាងបុរស និងស្ត្រីនៅក្នុងសង្គម។
សំខាន់ជាងនេះទៀត ទិវានេះផ្តល់ឱកាសឲ្យយើងទាំងអស់គ្នានាសម័យបច្ចុប្បន្ន អាចឆ្លុះបញ្ចាំង និងអបអរសាទរ ចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបានក្នុងការលើកកម្ពស់ ការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ។
នៅក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ថា ក្នុងនាមខ្ញុំ សូមគាំទ្រលើប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» បានរំលេចពីតម្លៃសុខសន្តិភាព និងអរគុណសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងថែរក្សាសន្តិភាពឲ្យនៅគង់វង្សយូរអង្វែងឆ្ពោះទៅមុខទៀត។ លើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសុខសន្តិភាព និងស្ថិរភាពនៅលើពិភពលោក និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង ជាប់ព្រំដែន កសាងតំបន់ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ លើកកម្ពស់ស្ត្រី ក្នុងនោះបានដាក់បញ្ចូលស្ត្រីទៅបម្រើការងារនៅតាមស្ថាប័ន មន្ទីរ ក្រសួង និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ក៏ដូចក្នុងជួរ កងកម្លាំងប្រដាប់អាវុធផងដែរ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ ប្រទេសជាតិ ពោលគឺស្ត្រីអាចបំពេញការងារបានគ្រប់បែបយ៉ាងដូចបុរស និងមានភាពអត់ធ្មត់ជាងបុរស។
ក្នុងឱកាសនោះ លោក ថេង សុថុល បានជូនហូលជាអនុស្សាវរីយ៍ ជូនដល់បងប្អូនជានារី ដែលបានចូលរួមខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២០នេះ ក្នុងក្តីសប្បាយរីករាយ៕ស រស្មី