ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោកក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី ឈរ ណារី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំង លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និយោជិកនារីទាំងអស់ ក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ទូរគមនាគមន៍កម្ពុជា ប្រៃសណីយ៍កម្ពុជា តំណាងក្រុមហ៊ុនទូរស័ព្ទចល័ត និងក្រុមហ៊ុនបម្រើសេវាប្រៃសណីយ៍ ជាច្រើនកុះករ។
មានប្រសាសន៍នាឱកាសនោះ លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” គឺជាសារមួយដ៏សំខាន់ដែលស្របតាមបរិការណ៍របស់ប្រទេសយើងក្នុងគោលបំណងបន្តរំលេចពីតម្លៃ ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសមិទ្ធផលគួរជាទីមោទនៈដែលសម្រេចបានកន្លងមក និងដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌថ្មីសកលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព “ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ ” ។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រសួងបានរៀបចំបង្កើតកម្មវធីពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាជារៀងរាល់ឆ្នាំ ដើម្បីចម្រាញ់ជ្រើសយកបេក្ខនារីដែលមានសក្តានុពលមកពីគ្រប់តំបន់ទូទាំងប្រទេសកម្ពុជាដែលកំពុងសម្រេចនូវស្នាដៃថ្មីៗតាមរយៈការបង្កើត ក្រុមហ៊ុនបច្ចេកវិទ្យា អភិវឌ្ឍន៍បច្ចេកវិទ្យា និងបទពិសោធន៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត ហើយព្រឹត្តិការណ៍នេះនឹងជំរុញលើកទឹកចិត្តស្ត្រីដែលជាសហគ្រិនភាព វិស្វករ និងស្ត្រីដែលបានប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការលើកកម្ពស់សហគមន៍ ឱ្យចូលរួមយ៉ាងសកម្មក្នុងការចាប់យកវិស័យបច្ចេកវិទ្យាជាទុន ដើម្បីពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីគ្រប់រូប ស្របពេលដែលបច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានស្នើដល់អង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់សហការជាមួយក្រសួង ស្ថាប័ននានា ក្នុងការរិះរកវិធានការទប់ស្កាត់ លើកង្វល់ក្នុងការប្រើប្រាស់ប្រព័ន្ធ ICT ដែលបង្កឱ្យប៉ះពាល់ដល់កិត្តិយស តម្លៃស្ត្រី និងសីលធម៌សង្គម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ដោយ៖សុខខេមរា