ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរិ៍ ១៤ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅសាលាខណ្ឌកំបូល បានរៀបចំពិធីអបអរសាទរខួបលេីកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ៖ «មានសន្តិភាព មានការលេីកកម្ពស់សមភាពយេនឌ័រ» ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល ។
ពិធីខាងលេី មានការអញ្ជេីញចូលរួមពីលោក លោកស្រីប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៧ លោកអភិបាលខណ្ឌ និងលោកស្រី លោកអភិបាករងខណ្ឌ និងភរិយា លោកស្រីអភិបាលរង លោក លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យ លោកចៅសង្កាត់ ព្រមទាំងមានការចូលរួមជាពិសេសពីសមាជិកក្រុមប្រឹក្សាសង្កាត់ជានារី នារីប៉ុស្តិ៍នគបាលរដ្ឋបាល នារីថ្នាក់ភូមិ បុគ្គលិកសិក្សាអប់រំជានារីតាមវិទ្យាល័យ អនុវិទ្យាល័យ បឋម និងមតេយ្យសិក្សាក្នុងខណ្ឌ បុគ្គលិកគ្រូពេទ្យជានារីតាមមណ្ឌលសុខភាពទាំងអស់ក្នុងខណ្ឌ សរុបចំនួន ៤០៥ នាក់ ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត អុឹង កន្ថាផាវី បានពាំនាំនូវការផ្តាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន ដែលអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទាំងអស់អនុវត្តនូវចំណុចសំខាន់ៗ ចំនួន០៧ ដូចខាងក្រោម៖
*ទី១៖ ត្រូវរួមគ្នាយកចិត្តទុកដាក់ តាមរយៈការផ្តល់អាទិភាព ចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំ នៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត។
*ទី២៖ ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្តីស្រី្ត ដែលជាប់ទោសឲ្យទាន់ពេលវេលា។ គ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធ Internet នៅទូទាំងប្រទេសឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បញ្ហាជាច្រើន ដែលពាក់ព័ន្ធទៅនឹងអំពើហិង្សា ការកេងប្រវ័ញ្ញលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet និងបណ្ដាញផ្សព្វផ្សាយជាច្រើន ដែលធ្វើឲ្យបាត់សណ្ដាប់ធ្នាប់សង្គម។
*ទី៣៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ឲ្យអនុវត្តវិន័យ ផ្ដល់ឱកាសដល់ក្មេងស្រីនៅគ្រប់កម្រិត ជាពិសេសឪពុក ម្តាយ អប់រំ កូនចៅឲ្យមានសីលធម៌ល្អនៅក្នុងសង្គម។
*ទី៤៖ ត្រូវបន្តការវិយោគលើការសិក្សារបស់ក្មេងស្រី នៅគ្រប់កម្រិតសិក្សា ជាពិសេសក្នុងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីឲ្យដើរទាន់សម័យបច្ចេកវិទ្យាជឿនលឿន នៃសង្គមជាតិ។
*ទី៥៖ ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការបង្កើតកម្មវិធីអប់រំ ដែលបង្ហាញអំពីអត្តសញ្ញាណស្ត្រីខ្មែរ ជាពិសេសតាមរយៈ ការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ និងមានលក្ខណៈជាស្ត្រីខ្មែរ។
*ទី៦៖ រួមគ្នាទប់ស្កាត់ ការចម្លងមេរោគអេដស៍ថ្មី និងកុំឲ្យមានការរើសអើង ស្ត្រីផ្សព្វផ្សាយស្រាបៀ រួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា។
*ទី៧៖ សម្តេចតេជោ បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាក់ទងទៅនឹងជំងឺ កូវីដ-១៩ ទោះបីជាប្រទេសកម្ពុជា មិនមានជំងឺនេះក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ ត្រូវតែចូលរួមថែរក្សាសុខភាពឲ្យបានល្អប្រសើរ តាមរយៈការធ្វើអនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ជម្រើសនៃការភ័យខ្លាច មិនមែនជាជម្រើសល្អនោះទេ ផ្ទុយទៅវិញ ការថែរក្សាសុខភាព គឺជាជម្រើសដ៏ល្អដើម្បីទប់ស្កាត់នៃជំងឺនេះ៕
ដោយ៖ សុខ ខេមរា