អាមេរិក៖ បច្ចុប្បន្នមានករណីឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ នៅអឺរ៉ុបនិងអាមេរិក ។ ទាំងនោះហើយបានធ្វើឲ្យបណ្តាក្រុមហ៊ុន បច្ចេកវិទ្យាធំៗនៅលើពិភពលោក បានសម្រេច ឲ្យបុគ្គលិកធ្វើការពីផ្ទះ ។
បច្ចុប្បន្នមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មានដូចជា Google, Twitter, Facebook, Microsoft និង Amazon បានសម្រេចឲ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះមិនចាំបាច់ទៅកន្លែងធ្វើការឡើយ ។ ធ្វើការពីផ្ទះមានប្រសិទ្ធភាពដូចគ្នា ចំណេញពេលវេលា នឹងអាចទប់ស្កាត់ បានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ក្រៅពីទប់ស្កាត់ការឆ្លងរាលដាលវីរុស Covid-19។
នៅពេលនេះអគ្គនាយកក្រុមហ៊ុន Apple លោក Tim Cook បានអនុញ្ញាតឲ្យបុគ្គលិក ទាំងអស់របស់ក្រុមហ៊ុន អាចធ្វើការពីចម្ងាយ គឺធ្វើការនៅក្នុងផ្ទះ រហូតដល់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមល្អប្រសើឡើងវិញ ។
លោក Tim Cook បន្តទៀតថា ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម គឺជារឿងមួយដ៏គ្រោះថ្នាក់ពិបាកការពារ ។ លោកបន្តទៀតថា ប្រសិនបើការងារយើងអាចដោះស្រាយធ្វើការពីចម្ងាយបាន យើងមិនចាំបាច់មកកាន់ការិយាល័យធ្វើការនោះឡើយ រហូតដល់ស្ថានភាពនៃការឆ្លងរាលដាលវីរុសផ្លូវដង្ហើមល្អប្រសើរវិញ ។ យើងអាចធ្វើការពីផ្ទះឲ្យតែការងារយើងរក្សាដូចដើម និងមានប្រសិទ្ធភាពការងារដូចគ្នា ៕ ម៉ែវ សាធី