ការឆ្លងរាលដាលវីរុសផ្លូវដង្ហើមនៅក្នុងប្រទេសអ៊ីរ៉ង់ គួឲ្យបារម្ភបំផុត ដោយមានអ្នកស្លាប់និងឆ្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ដើម្បីទប់ស្កាត់ការឆ្លងរាលដាល Covid-19 នៅក្នុងមន្ទីរឃុំឃាំង រដ្ឋាភិបាលអ៊ីរ៉ង់បានសម្រេច ដោះលែងអ្នកទោសដល់ទៅ ៧ម៉ឺននាក់ ខណៈអ្នកឆ្លងនិងអ្នកស្លាប់ដោយវីរុសផ្លូវដង្ហើមថ្មីនេះបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
កាលពីថ្ងៃទី៩ ខែមីនា ក្រសួងមហាផ្ទៃអ៊ីរ៉ង់ បានសម្រេចដោះលែងអ្នកទោសដល់ទៅ៧ម៉ឺននាក់ដោយខ្លាចឆ្លងរាលដាលនៅក្នុងមន្ទីរឃុំឃាំងដែលមានអ្នកទោសច្រើន។ អ្នកទោសដែលត្រូវបានដោះលែងគឺមានទោសស្រាល ជាប់គុកក្រោម៥ឆ្នាំ ។ ជាមួយគ្នានេះក្រសួងមហាផ្ទៃប្រកាសថានឹងពិចារណាបន្តដោះលែងអ្នកទោស ជាបន្តទៀតប្រសិនបើអ្នកទោសដែលបានដោះលែងនោះមិនបង្កអសន្តិសុខក្នុងសង្គម។ ប៉ុន្តែក្រសួងមហាផ្ទៃអ៊ីរ៉ង់ មិនបានបញ្ជាក់ថា អ្នកទោសទាំងនោះនឹងត្រូវវិលត្រឡប់មកមន្ទីរឃុំឃាំងវិញដែរឬទេ ក្រោយការគ្រប់គ្រងបាន Covid-19។
ក្នុងរយៈពេល២៤ម៉ោងកន្លងមកអ៊ីរ៉ង់ មានអ្នកស្លាប់៤៣នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់២៣៧នាក់ និងអ្នកឆ្លងកើនឡើងដល់ ៧១៦១នាក់។
វីរុស Covid-19បានឆ្លងរាលដាលជាង១០០ប្រទេសហើយ ដោយក្នុងរយៈពេល២៤ម៉ោងកន្លងមក មានប្រទេសនិងតំបន់ចំនួន៨ទៀតបានរកឃើញមានករណីឆ្លងវីរុស Covid-19។ អង្គការសុខភាពពិភពលោកបានអំពាវនាវដល់រដ្ឋាភិបាលទាំងអស់ បង្កើនសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម ក៏ដូចជាព្យាបាលអ្នកឆ្លងយ៉ាងមានប្រសិទ្ធភាពបំផុត៕ម៉ែវ សាធី