ក្នុងរយៈពេលជាង១ខែទៀត និងឈានចូលដល់ចូលឆ្នាំប្រពៃណីរបស់ប្រទេសមួយចំនួន នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ក្នុងនោះមានថៃ ឡាវ កម្ពុជា ភូមា ។ ប៉ុន្តែចូលឆ្នាំលើកនេះ ប្រហែលជា មិនខុសពី ចិននោះឡើយ ដោយសារតែការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកាន់តែខ្លាំងឡើង។
នៅពេលនេះ រដ្ឋាភិបាលប្រទេសថៃ បានប្រកាស លុបចោលព្រឹត្ដិការណ៍សង្រ្កាន្ដប្រចាំឆ្នាំ ដោយសារខ្លាចវីរុសកូរ៉ណា។ ប្រជាពលរដ្ឋថៃ តែងតែបង្កើតព្រឹត្ដិការណ៍ដ៏ធំ នៅក្នុងរដូវចូលឆ្នាំថ្មីរបស់ខ្លួន តាមលំនាំប្រពៃណីខ្មែរយើង ហើយជនជាតិថៃតែងនិយមបាញ់ទឹកដាក់គ្នាទៅវិញទៅមក ប៉ុន្ដែនៅឆ្នាំនេះ អាជ្ញាធរថៃបានចេញបម្រាមការ បាញ់ទឹកទាំងនោះ ដោយសារតែមានការភ័យខ្លាចជំងឺរលាកផ្លូវដង្ហើម ឬវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) ។
អាជ្ញាធរទីក្រុងបាងកក បានសម្រេចឲ្យលុបចោលព្រឹត្ដិការណ៍ជាតិ និងឯកជនពាក់ព័ន្ធនឹងមហាសង្រ្កាន្ដបាញ់ទឹកប្រចាំឆ្នាំ នៅក្នុងប្រទេសថៃ។ ការចេញបម្រាមរបស់អាជ្ញាធរថៃនេះ បានកើតឡើង ក្រោយការផ្ទុះឡើង នៃការរីករាលដាលវីរុសកូរ៉ូណាប្រភេទថ្មី។ នេះក៏ជាវិធានការដ៏ល្អមួយ សម្រាប់ទប់ស្កាត់នូវការចម្លងមេរោគដ៏កាចសាហាវនេះ។
លោក Pongsakorn Kwanmuang អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក បានថ្លែងថា ការប្រារព្ធសង្រ្កាន្ដ ដែលនឹងធ្វើឡើង នៅតាមបណ្ដាសង្កាត់ ខណ្ឌនានា នៃទីក្រុងបាងកក ចន្លោះពីថ្ងៃទី១០-១៥ នឹងត្រូវចោលនៅក្នុងឆ្នាំនេះ។ ករណីនេះ ដោយសារអាជ្ញាធរយល់ឃើញថា ការប្រមូលផ្ដុំគ្នា នៃមនុស្សច្រើន ក្នុងបរិយាកាសមានទឹក ឬសំណើមបែបនេះ នឹងបង្កើនឲ្យមានការប្រឈមនឹងគ្រោះថ្នាក់ នៃការរីករាលដាលមេរោគដ៏កាចសាហាវនេះ។
ជាមួយគ្នានេះដែរ លោក Jindarat Chayothin ជាសមាជិក នៃក្រុមអ្នកនាំពាក្យសាលាក្រុងបាងកក បានបញ្ជាក់ថា អាជ្ញាធរបានប្រកាសផ្អាកសកម្មភាពការប្រមូលផ្ដុំគ្នា ព្រោះថា បើមានព្រឹត្ដិការណ៍បាញ់ទឹកបែបនេះ ជនបរទេសក៏អាចនឹងចូលរួមផងដែរ។ ការចូលរួមដោយមានមនុស្សច្រើន ក៏ជាកត្ដាអាចនាំឲ្យមានការឆ្លងរាលដាល នៃវីរុស Covid-19 ផងដែរ។
ចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន នោះមក គិតត្រឹមថ្ងៃទី១០ ខែមីនា នៅក្នុងប្រទេសថៃ មានអ្នកឆ្លងវីរុស Covid-19 ចំនួន៥៣នាក់ ក្នុងនោះមានអ្នកស្លាប់ម្នាក់ និង៣៣នាក់បានជាសះស្បើយ ហើយចាកចេញពីមន្ទីរពេទ្យផងដែរ៕ ម៉ែវសាធី