ខេត្តកំពង់ស្ពឺ៖ កុដិព្រះសង្ឃមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់ម៉ត់គ្មានសល់ ខណៈឆ្លងចរន្តអគ្គិសនី ដែលហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង៨និង០៥នាទីយប់ ថ្ងៃចន្ទ ១រោច ខែ ផល្គុន ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២0២0 នៅក្នុងវត្តពុទ្ធមណ្ឌលធម្មាធិរាជ (ហៅវត្តធម្មយុទ្ធ) ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្រ្តីនគរស្រុកសំរោងទងបានឲ្យដឹងថា បន្ទប់ទំហំ៤ម៉ែត្រ×១២ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី (ឆេះទាំងស្រុង) បណ្តាលឲ្យខូចសម្ភារជាច្រើនដូចជា កង្ហាចំនួន៤ គ្រែចំនួន៦ ធុងទឹកកក២ ទូដាក់សៀវភៅ ២ ព្រះត្រៃបិដក់ចំនួន៥០ ច្បាប់ និងចីវរ ចំនួន១០ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីនេះកើតឡើងដោយសារទុស្សេចរន្តអគ្គិសនីនៅកុដិខាងលើ ក្លាយជាអគ្គិភ័យឆេះខ្លាំងពេញបន្ទុកតែម្តង ហើយភ្លាមនោះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទងចំនួន១គ្រឿង ប្រើទឹកអស់ចំនួន២រថយន្ត ទើបភ្លើងរលត់ទាំងស្រុង ហើយមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋណាម្នាក់នោះទេ ៕ សហការី