ភ្នំពេញ៖ ទើបនឹងលេចការរិះគន់ផង សរសើរផងរឿងមានគូស្នេហ៍ថ្មី នាយតាក់ស៊ីបានកំណត់ថ្ងៃរៀបការជាផ្លូវការហើយគឺនៅចុងខែឧសភាឆ្នាំ២០២០នេះ ។ តារារូបនេះទម្លាយថាភាគីខាងស្រីមិនបង្គាប់ថ្លៃបណ្ណាការអ្វីទេគឺត្រឹមរៀបចំពិធីផ្លូវការមួយគឺរួចរាល់ហើយ។
តារាកំប្លែង លោក រឿង សារ៉េត ហៅនាយតាក់ស៊ី បានទម្លាយថាលោកនឹងរៀបចំពិធីបង្គលការសមរម្យមួយទៅតាមប្រពៃណីខ្មែរតាមការស្រុះស្រួល និងដេញវេលាទៅតាមជំនឿ។ លោកថាលោកពិតជាស្រលាញ់អនាគតភរិយាក្រោយនេះអស់ពីបេះដូង មិនមែនបង្ខំ ឬសំឡឹងមើលឃើញទ្រព្យអ្វីទេ ខណៈលោក និងអនាគតភរិយាក៏មានប្រវត្តិកម្សត់ស្នេហ៍ដូចគ្នា។ តារាកំប្លែងវ័យ៤១ឆ្នាំរូបនេះបញ្ជាក់ថា ពិធីមង្គលការរបស់លោកមិនធ្វើនៅខេត្តស្វាយរៀងជាទឹកដីកំណើតរបស់ភរិយាទេគឺធ្វើឡើងនៅភ្នំពេញតែម្តង។ លោកថាអនាគតភរិយាឈ្មោះ សុខា មានវ័យ៣៩ ជាស្ដ្រីមេម៉ាយគ្មានកូន រស់នៅក្រុងបាវិត ខេត្ដស្វាយរៀងដែលដើមឡើយត្រឹមជាការាប់អានគ្នា ក្រោយពេលលោកបានចាកសិក្ខាបទនោះ។ លោកថាក្រោយស្វែងយល់ចិត្តគ្នាជាង៤ខែនេះលោកយល់ថានាងជាមនុស្សល្អដែលបានជួយមើលថែលោកទាំងខ្លួនមានជំងឺងប្រចាំកាយ ។ លោក និងនាងបាននឹងកំពុងសន្សំប្រាក់មួយចំនួនដើម្បីរៀបចំពិធីមួយសមរម្យ គឺមិនធំដុំនោះទេ ហើយពិធីរបស់លោកក៏នឹងមានវត្តមានភ្ញៀវកិត្តិយសពិសេសសិល្បៈដែលរាប់អានគ្នាមួយចំនួនចូលរួមផងដែរ។
គួរបញ្ជាក់ដែរថា នាយតាក់ស៊ី បានលែងលះជាមួយប្រពន្ធដើមដែលជាតារាកំប្លែងដូចគ្នា គឺអ្នកនាង ភីម នៅមុនពេលដែលលោកចេញសាងព្រះភ្នួសនៅវត្ដដងទង់ ខេត្ដកំពង់ស្ពឺ កាលពីពាក់កណ្ដាលឆ្នាំ២០១៩។ បច្ចុប្បន្នរូបលោក និងប្រពន្ធដើមដែលមានកូនប្រុសម្នាក់ជាចំណងដៃ ខណៈពួកគេនៅរាប់អានគ្នាបានត្រឹមដូចជាបងប្អូន៕ដោយ៖វឌ្ឍនា