ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្មីនាយទាហានជាន់ខ្ពស់ ចំណុះស្ថាប័នអគ្គបញ្ជាការដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែមីនានេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាយទាហានជាន់ខ្ពស់ ចំណុះអគ្គបញ្ជាការដ្ឋាន។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ និងសេចក្ដីសម្រេចរបស់អគ្គបញ្ជាការ បានសម្រេចផ្ទេរភារកិច្ចនាយទាហាន០៣រូប ទៅទទួលតំណែងជានាយរងសេនាធិការចម្រុះ និងតែងតាំងមុខតំណែងថ្មីនាយទាហានចំនួន ០៤រូប មាន៖ នាយកខុទ្ទកាល័យអគ្គបញ្ជាការ,នាយកអធិការដ្ឋាន, នាយសេនាធិការកងទ័ពជើងអាកាស, និង នាយលេខាធិការដ្ឋានសេនាធិការចម្រុះ។

មានមតិក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានចាត់ទុកថា ការតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហាន ជាកិច្ចការធម្មតា ដើម្បីកែសម្រួលភារកិច្ចនិងស្របតាមកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហានត្រូវបានផ្ទេរភារកិច្ច ដែលក្នុងរយៈកាលកន្លងមកនេះបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើដល់នាយទាហានទើបទទួលមុខតំណែងថ្មី ត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ រាជរដ្ឋាភិបាល និងអនុវត្តន៍ឲ្យបានមុឺងម៉ាត់ច្បាប់លក្ខ័ន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ បទបញ្ជារបស់ថ្នាក់ដឹកនាំ ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការងារ ៕

ដោយ៖ សុខ ខេមរា

 


ចែករំលែក៖