ប្រទេសថៃ៖ បន្ទាប់ពីលោក Matthew Deane ត្រូវជាប្ដីរបស់តារាចម្រៀងល្បីប្រចាំប្រទេសថៃ អ្នកនាង Lydia បានប្រកាសថាមានផ្ទុកមេរោគCOVID-19 កាលពីថ្ងៃសុក្រ ទី ១៣ ខែមីនា ឆ្នាំ២០២០ ។ បច្ចុប្បន្ននេះនាង Lydia បានប្រកាសជាសាធារណៈក្រោយទទួលលទ្ធផលថា ខ្លួនក៏បានឆ្លងមេរោគ COVID-19 នេះដែរ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ Lydia Sarunrat បានបង្ហោះព័ត៌មានថា លទ្ធផលត្រួតពិនិត្យសុខភាពចេញមកហើយ ហើយនាងពិតជាមានផ្ទុកមេរោគ COVID-19នេះមែន។
ជាមួយគ្នានោះ Lydia ក៏បានសរសេរដែរថា៖ «អ្វីដែលសំខាន់ពេលនេះ គឺតាំងសតិឲ្យបានល្អ ក្នុងកាលៈទេសៈបែបនេះ ត្រូវតស៊ូប្រឆាំងតទៀត។ អ្វីដែលពិបាកបំផុតនោះគឺ ត្រូវនិយាយលាគ្រួសារ និងកូនៗ ត្រូវឲ្យកូនៗទាំង ២ រស់នៅដោយគ្មានប៉ា និងម៉ាក់សិន ហើយមិនដឹងថាទ្រាំរយៈពេលយូរប៉ុនណាទៀត តែយ៉ាងហោចណាស់ក៏នៅមានលោកយាយ លោកតា ដែលនៅមើលថែពួកគេ។ សង្ឃឹមថា Demi មិនភ្លេចម៉ាក់ សង្ឃឹមថា Dylan មិនខឹងដែលប៉ាម៉ាក់បាត់មុខភ្លាមៗ ។ ចាំ Mummy និង Daddy ត្រឡប់មកវិញណាកូន ហាមយំ ព្រោះទឹកភ្នែកអាចមានមេរោគ»។
អ្វីដែលនាងបានសរសេរនេះពិតជាធ្វើឲ្យអ្នកដែលបានឃើញក្ដុកក្ដួលខ្លាំងណាស់ ព្រោះនាងត្រូវប្រឆាំងអត់ទ្រាំតស៊ូ នឹងមេរោគកំណាច ហើយត្រូវឃ្លាតឆ្ងាយពីកូនតូចៗ ដើម្បីទោព្យាបាលខ្លួនឲ្យជាទៀត។ ឃើញដូចនេះទាំងអ្នកគាំទ្រ ពិសេសមិត្តភ័ក្ដិរួមអាជីពបាននាំគ្នាជូនពរនាងឲ្យឆាប់ជាសះស្បើយ និងផ្ដល់កម្លាំងចិត្តនាង និងស្វាមីគ្រប់គ្នា៕សហការី