ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌសែនសុខ ចុះពិនិត្យទីតាំងលំនៅដ្ឋានប្រជាពលរដ្ឋដែលត្រូវរុះរើចេញពីលើដីផ្លូវសាធារណៈ និងពិនិត្យដោះស្រាយបញ្ហាប្រឡាយទឹកអូរអាគុជ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានអញ្ជើញចុះពិនិត្យទីតាំងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ដែលត្រូវរុះរើចេញពីលើដីចំណីផ្លូវសាធារណៈ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឆ្លៀតពេលវេលាពិនិត្យមើលប្រឡាយអូរអាគុជ ដើម្បីធ្វើការដោះស្រាយជីកស្តារសម្រួលដល់ទឹកហូរបានទាន់ពេលវេលា ។

ចំពោះការរុះរើលំនៅដ្ឋានខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានប្រជុំដោះស្រាយឯកភាពសម្រេចជាមួយបងប្អូនប្រជាពលរដ្ឋ និងអនុវត្តតាមគោលការណ៍ដឹកនាំ និងការយកចិត្តទុកដាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានរៀបចំទីតាំងដីឡូតិថ្មីសម្រាប់បែងចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ២៣ឡូតិ ស្ថិតនៅភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីដោះស្រាយជូនបងប្អូនទាំង ២៣គ្រួសារ អោយបានសាងសង់លំនៅដ្ឋានស្នាក់នៅបានសមរម្យ និងមានកម្មសិទ្ធិស្របច្បាប់ ។
ប្រជាពលរដ្ឋដែលរស់នៅលើផ្លូវសាធារណៈខាងលើ បានយល់ព្រមចូលរូមក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់អាជ្ញាធរខណ្ឌ ដោយបានស្ម័គ្រចិត្តធ្វើការរុះរើលំនៅដ្ឋានចេញពីដីចំណីផ្លូវសាធារណៈដោយខ្លួនឯង និងយល់ព្រមផ្លាស់ប្តូរទីលំនៅ ដោយទទួលយកដីឡូតិស្ថិតនៅភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ដែលរៀបចំបែងចែកជូនដោយអាជ្ញាធរខណ្ឌសែនសុខ ដោយក្តីរីករាយត្រែកអរបំផុត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខដែលបានយកចិត្តទុកដាក់រៀបចំបែងចែកផ្តល់ដីឡូតិ៍សម្រាប់សាងសង់លំនៅដ្ឋានថ្មី និងមានកម្មសិទ្ធិគ្រប់គ្រងកាន់កាប់ស្របច្បាប់ផងដែរ ។
ជាមួយនេះ ដើម្បីសម្រួលជួយដល់ការរុះរើលំនៅដ្ឋានរបស់បងប្អូន លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានផ្តល់ថវិកាមួយចំនួនជូនដល់គ្រួសារនីមួយៗ ដើម្បីយកទៅប្រើប្រាស់ចំណាយផ្សេងៗផងដែរ ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានគម្រោងជួសជុលពង្រីកស្ថាបនាកំណាត់ផ្លូវលេខ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសការកកស្ទះចរាចរណ៍នៅចំណុចផ្លូវមួយចំនួនក្នុងភូមិសាស្រ្តសង្កាត់ភ្នំពេញថ្មី ហើយគម្រោងនេះ ត្រូវបានប៉ះពាល់ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ដែលកំពុងរស់នៅលើដីផ្លូវសាធារណៈនេះតែម្តង ៕ចន្ទ លីហ្សា


ចែករំលែក៖