ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សាដ៏មានសារសំខាន់នេះ ក៏មានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីផងដែរ។
ក្នុងជំនួបពិភាក្សាដ៏មានសារសំខាន់នេះ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី និងការពង្រឹងការផ្លាស់ប្តូរព័ត៌មានលើការប្រយុទ្ធប្រឆាំងបទល្មើសនានា ដូចជា៖ បទល្មើសគ្រឿងញៀន និងអំពើរត់ពន្ធមនុស្ស។
នៅចំពោះមុខ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក Pablo Kang បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មម៉ូតូធំ ជាពិសេសក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (Hot Line) ជាមួយជនបរទេស។ លោក Pablo Kang បន្តថា អូស្រ្តាលីនៅតែបន្តជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជាបន្ថែមទៀត។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងអំណរគុណដល់អូស្រ្តាលី ដែលកន្លងមកបានជួយដល់នគរបាលជាតិកម្ពុជា លើការពង្រឹងសមត្ថភាពដល់នគរបាលប៉ុស្តិ៍រដ្ឋបាលតាមរយៈគម្រោងនគរបាលសហគម (CPI)៕ដោយ៖សុខខេមរា