ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កំពុង​ពិចារណា​គួរផ្អាក ឬ​បន្ត​ឲ្យ​មានការ​រៀបចំ​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍

ចែករំលែក៖

ភ្នំពេញ៖ បញ្ហារីរាលដាលជំងឺកូវីដ-១៩ជាសកល ធ្វើឲ្យលោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កំពុង​ពិចារណា​ក្នុងការ​ផ្អាក ឬ​បន្ត​ឲ្យ​មានការ​រៀបចំ​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍ ក្រោយ​កម្ពុជា​រកឃើញ​ក​រ​ណី​ឆ្លង​មេរោគ​ប្រភេទ​ថ្មី COVID-19 ជា​បន្តបន្ទាប់​ចំនួន៣៥ករណី គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២០ នេះ និងខណៈរាជរដ្ឋាភិបាលមានវិធានការណ៍ផ្អាកកន្លែងទីប្រជុំជន កន្លែងកម្សាន្តរួចទៅហើយនោះ ​។

​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មានប្រសាសន៍ថាលោកនឹង​ជួបប្រជុំ​ជាមួយ​តំណាង​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍​នីមួយៗ​និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ដើម្បី​ពិភាក្សាគ្នា​មុន​សម្រេច ថា​តើ​គួរ​ផ្អាក​ឬ​បន្ត​ឲ្យ​មានការ​រៀបចំ​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍ដែរឬយ៉ាងណា​។ ការជួបប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​ពី​ផលប៉ះពាល់​ផ្សេងៗ​របស់​ស្ថានីយទូរទស្សន៍​នីមួយៗ ក្នុងករណី​មានការ​ផ្អាក​សង្វៀន​ប្រដាល់​។​

​ប្រធាន​សហព័ន្ធ​រូបនេះ​បាន​បន្ថែមថា ការធ្វើ​បែបនេះ​ដោយសារ លោក បារម្ភ​ខ្លាច​សង្វៀន​ប្រដាល់​ក្លាយជា​កន្លែង​ចម្លងជំងឺ​រលាក​ផ្លូវ​ដ​ង្ហើ​ម​បង្កឡើង​ដោយ COVID-19 ដែល​កំពុង​រីក​រាលដាល​តាម​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ រួមទាំង​កម្ពុជា​ផងដែរ​។ ដូច្នេះ ការបិទ​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍ វា​ជាការ​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ COVID-19 តែ​វា​អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ជីវភាព​កីឡាករ​តាម​ក្លិប ដែល​ពឹង​ផ្អែកលើ​ការឡើង​សង្វៀន​។ នេះ​ជា​បញ្ហា​ដែល​លោក តែម ម៉ឺន កំពុង​គិតពិចារណា​។
យ៉ាងណាលោកតែមម៉ឺន បញ្ជាក់ថា លោកកំពុងពិចារណា និងពិភាក្សារកដំណោះស្រាយនេះជាមួយម្ចាស់ស្ថានីយ៍ទូរទស្សន៍នានា និងក្រុមកីឡាករឲ្យបានសមស្រប ។

​សូមបញ្ជាក់ថា ការពិចារណា​ផ្អាក ឬ​បន្ត​ឲ្យ​មានការ​រៀបចំ​សង្វៀន​ប្រដាល់​នៅតាម​ស្ថានីយទូរទស្សន៍​នេះ ធ្វើឡើង​ក្រោយ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 ជា​បន្តបន្ទាប់​លើ​ជនបរទេស និង​ជនជាតិខ្មែរ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ COVID-19 សរុប​ចំនួន​៣៥​ករណី​។ ប៉ុន្តែ​ក្នុងចំណោម​ករណី​ទាំងអស់​សុទ្ធសឹង​ជា​ករណី​នាំចូល លើកលែងតែ​បុរស​វ័យ​៣៨​ឆ្នាំ​នៅ​ខេត្តសៀមរាប ដែល​ឆ្លង​ពី​ជនជាតិ​ជប៉ុន​ ប៉ុណ្ណោះ ៕ សហការី


ចែករំលែក៖