កម្មវិធីប្រកួតកីឡាវាយតឺន្នីស French Open ឆ្នាំនេះគឺជាកម្មវិធី Grand Slam លើកទី២ប្រចាំឆ្នាំ ត្រូវបានផ្លាស់ប្តូរការប្រកួតទៅខែកញ្ញា និងខែតុលាវិញដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។
ព្រឹត្តិការណ៍នេះគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី២៤ ខែឧសភាដល់ថ្ងៃទី៧ខែមិថុនា ប៉ុន្តែផ្ទុយទៅវិញសហព័ន្ធតឺន្នីសអន្តរជាតិបានសម្រេចលើកពេលដល់ថ្ងៃទី ២០ ខែកញ្ញា រហូតដល់ថ្ងៃទី ៤ ខែតុលាខាងមុខ។ នេះមានន័យថា វានឹងចាប់ផ្តើមតែមួយសប្តាហ៍បន្ទាប់ពីការបញ្ចប់នៃកម្មវិធី US Open នៅទីក្រុងញូវយ៉ក។
រាល់កីឡាវាយកូនបាល់ (តឺន្នីស) អាជីពនៅទូទាំងពិភពលោកបច្ចុប្បន្នត្រូវបានផ្អាករហូតដល់ថ្ងៃទី២០ ខែមេសា។ ការប្រកួតកីឡាវាយតឺន្នីស French Open ជាធម្មតាគឺការប្រកួត Grand Slam លើកទី២ នៃឆ្នាំនេះបន្ទាប់ពីព្រឹត្តិការណ៍ Australian Open និងវគ្គផ្តាច់ព្រ័ត្រនៃទីលានដីឥដ្ឋ។
ការលើកពេលនេះបានក្លាយជាព្រឹត្តិការណ៍ចុងក្រោយរាល់កម្មវិធីប្រកួតសម្រាប់ឆ្នាំនេះ ហើយកាលបរិច្ឆេទថ្មីនឹងធ្វើឲ្យជាន់គ្នាជាមួយនឹងព្រឹត្តិការណ៍ជាច្រើនទៀតរួមមាន ការប្រកួតដណ្តើមពាន Laver Cup ដែលមានក្រុមមកពីអឺរ៉ុបនិងក្រុមតំណាងឱ្យពិភពលោក ទាំងមូលចូលរួមផងដែរ។
សហព័ន្ធកីឡាវាយកូនបាល់បារាំងបាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដើម្បី ធានាសុខភាព និងសុវត្ថិភាពរបស់អ្នកដែលចូលរួមក្នុងការរៀបចំការប្រកួត ។
សហព័ន្ធដដែលបានបន្ថែមទៀតថា ខណៈដែលគ្មាននរណាម្នាក់ អាចព្យាករណ៍ថាតើស្ថានភាពសុខភាពនឹងទៅជាយ៉ាងណានៅថ្ងៃទី១៨ខែឧសភា ដែលជាថ្ងៃចាប់ផ្តើមការប្រកួតកម្មវិធីផ្សេងៗនោះ យើងបានចេញវិធានការលើកពេលប្រកួត។
ដូច្នេះត្រូវរៀបចំវាតាមកាលបរិច្ឆេទឡើងវិញតាមការគ្រោងទុក។ ដោយ៖ភិរក្ស