ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសុខភាពពិភពលោកប្រតិកម្មទៅលើលោកត្រាំជំនួសចិនវិញម្តង ពាក់ព័ន្ធ «វីរុសចិន»

ចែករំលែក៖

WHO ៖ លោកត្រាំបានហៅ កូវីដ-១៩ ថាជាវីរុសចិនម្តងហើយម្តងទៀត ពេលដែលចិនមិនមានប្រតិកម្ម។ លោកត្រាំមានចេតនា ប្តូរឈ្មោះ កូវីដ-១៩ ទៅជាវីរុសចិន ដើម្បីផលប្រយោជន៍នយោបាយ ឲ្យពិភពលោកស្អប់ចិន។
ប៉ុន្តែរដ្ឋាភិបាលចិន ឬថ្នាក់ដឹកនាំចិនមិនបានប្រតិកម្មទៅលើ អ្វីដែលលោកត្រាំបានហៅនោះឡើយ។ ប៉ុន្តែ អង្គការសុខភាពពិភពលោក WHO បានថ្កោលទោសយ៉ាងខ្លាំង ដល់ប្រធានាធិបតីអាមេរិក ដែលបានធ្វើឲ្យស្ថានភាពកាន់តែតានតឹង ក្រោយលោកត្រាំបន្ត ហៅកូវីដ-១៩ ថាជា«វីរុសចិន»។
លោក Mike Ryan ប្រធានកម្មវិធី សុខាភិបាលបន្ទាន់របស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ១៨ខែមីនា បានប្រតិកម្ម ថ្កោលទោសយ៉ាងខ្លាំង ដល់ប្រធានាធិបតីអាមេរិកដែលបានប្រើប្រាស់ពាក្យសម្តី ប៉ះពាល់ដល់ប្រទេសផ្សេងទៀត។ លោកត្រាំនៅតែប្រើប្រាស់ វីរុសចិន មកជំនួន កូវីដ-១៩ នៅក្នុងសេចក្តីប្រកាសនានា។
លោក Mike Ryan បានបញ្ជាក់ថា ៖ «ចំណុចសំខាន់នៅពេលនេះគឺ យើងចាំបាច់ត្រូវតែ ប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ពាក្យសម្តី បញ្ចៀសផលប៉ះពាល់ដល់ប្រទេសផ្សេង ដែលជារឿងយើងទាំងអស់គ្នាត្រូវតែបញ្ចៀស»។
ការលើកឡើងរបស់លោក ក្រោយពេលលោកត្រាំ ប្រកាសក្នុងសន្និសីទកាសែតថា រដ្ឋាភិបាលរបស់លោកប្តេជ្ញាធ្វើសង្គ្រាមប្រឆាំងវីរុសចិន។ ភ្លាមៗនោះមានមតិជាច្រើន បានរិះគន់លោកត្រាំ ថា ជាប្រធានាធិបតីប្រទេសមហាអំណាច តែលោកបែជាប្រើប្រាស់ ពាក្យសម្តីប្រមាថ មើលងាយ ប្រទេសផ្សេង។
មកទល់ពេលនេះ កូវីដ-១៩ បានឆ្លងដល់តំណាងរាស្ត្រអាមេរិក ហើយក្រោយរកឃើញតំណាងរាស្រពីររូប   គឺលោក Mario Diaz-Balart មកពីគណបក្សសាធារណរដ្ឋនិង លោក Ben McAdams មកពីគណបក្សប្រជាធិបតេយ្យ ។ នេះជាការណីដំបូងគេបង្អស់ ដែលសមាជិកសភាអាមេរិក មានអ្នកឆ្លងកូវីដ-១៩
កន្លងមក សមាជិកផ្សេងទៀតទាំងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភាអាមេរិក បាន កាត់ផ្តាច់នៅដាច់ដោយឡែក ក្រោយជួបជាមួយអ្នកឆ្លងកូវីដ-១៩។  ប្រធានាធិបតីអាមេរិក ដូណាលត្រាំ ក៏ត្រូវទៅធ្វើតេស្តរកកូវីដ-១៩ ក្រោយជួបជាមួយគណៈប្រតិភូប្រេស៊ីលដែលមានអ្នកឆ្លងកូវីដនោះ។
តាមសារព័ត៌មានCNN បានផ្សាយថា ៖ ការិយាល័យ របស់រដ្ឋសភា និងព្រឹទ្ធសភា អាមេរិក ត្រូវ ផ្លាស់ប្តូរវិធីសាស្ត្រធ្វើការ ដោយអនុញ្ញាតិឲ្យធ្វើការពីផ្ទះ ។
ក្រៅពីតំណាងរាស្ត្រពីររូបឆ្លងកូវីដ-១៩ នៅមានតំណាងរាស្ត្រអាមេរិក ដល់ទៅ ១៤នាក់ទៀតក៏បានកាត់ផ្តាច់  បន្ទាប់ពីជួបជាមួយអ្នកឆ្លងកូវីដ-១៩។ បច្ចុប្បន្នអាមេរិក មានអ្នកឆ្លងដល់ទៅ៩២៨៥នាក់ និងស្លាប់ ១៥០នាកើហើយ។

ចំណែកអ្នកព្យាបាលជាសះស្បើយមានតែ ១០៦នាក់ប៉ុណ្ណោះ ៕ ម៉ែវ សាធី


ចែករំលែក៖