ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២០នេះថា ៖ អាជ្ញាធរ ភ្នំពេញ មិនទាន់មានគម្រោងចែកម៉ាស់ជូនដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញ ដើម្បីទប់ ស្កាត់ការរាលដាលនៃមេរោគ Covid-19 នោះទេ។ មូលហេតុ មិនទាន់មានគម្រោង នេះ គឺដោយសារ រាជធានីភ្នំពេញ មិនទាន់ឈានដល់មាន បញ្ហាធ្ងន់ធ្ងរនៅតំបន់ណាមួយនោះ នៅឡើយ។
លោក ម៉េត មាសភក្តី ក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ធ្វើអនាម័យជាប្រចាំ ដើម្បីសុខភាព និង រួមគ្នាផ្តល់ព័ត៌មានពិត ដើម្បីរដ្ឋបាលរាជធានីភ្នំពេញមានមធ្យោបាយទៅពិនិត្យពួកគាតនិងដើម្បីសុវត្ថិភាព សង្គមកម្ពុជាទាំងមូលផង ។
សូមរំលឹកថា កាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២០កន្លង ទៅនេះ អាជ្ញាធររាជធានីភ្នំពេញ បានទទួលម៉ាស់ចំនួន ១០ម៉ឺនម៉ាស់ ពីក្រុមហ៊ុនកសិកម្ម តឹងយ៉ុង ដើម្បីយក ទៅជួយដល់តំបន់ណា ដែលមានការសង្ស័យថា មាន ជំងឺឆ្លងមេរោគCovid-19 ។ម៉ាស់ទាំងនេះ ត្រូវបានក្រុមហ៊ុនផលិតម៉ាស់ក្នុងស្រុក ប្រគល់ជូន លោក
ឃួង ស្រេង នៅសាលារាជធានីភ្នំពេញ ហើយ លោក ឃួង ស្រេង បានបញ្ជាក់ថា ម៉ាសទាំងនេះ នឹងរក្សាទុកសិន គឺពិនិត្យមើលទៅតាមលទ្ធភាព ថាតើ កន្លែងណា មានការរាលដាលមេរោគ ឬក៏អត់ហើយម៉ាស់នេះ គឺចែកឱ្យទៅតំបន់មានជំងឺ សំរាប់ការពារខ្លួនពីជំងឺ Covid-19 ។
គិតមកទល់ពេលនេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺ COVID-19 សរុបមានចំនួន ៣៧ ករណី ក្នុងខេត្ត-ក្រុងចំនួន១២ ក្នុងនោះ នៅរាជធានី ភ្នំពេញមានច្រើនជាងគេ គឺមានរហូតដល់ ៩ករណី៕ ដោយ៖ សំរិត