ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សា សម្របសម្រួល រកដំណោះស្រាយលើបញ្ហាកកស្ទះការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៃខេត្តតៃនិញ ដែលដឹកនាំដោយលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ដើម្បីពិភាក្សា សម្របសម្រួល រកដំណោះស្រាយលើបញ្ហាកកស្ទះការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។
ក្នុងនោះក៏មានការចូលរួមពីលោក ម៉ែន វិបុល អភិបាល នៃគណៈ អភិបាលខេត្តស្វាយរៀង លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អភិបាលរងខេត្តស្វាយរៀង តំណាងសមាគមដឹកជញ្ជូនកម្ពុជា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកអភិបាលក្រុងបាវិត លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ រួមនិងមន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក កងម្លាំង និងមន្ត្រីមានសមត្ថកិច្ចដែលឈរជើងនៅច្រកទ្វារព្រំដែននៃភាគីទាំងពីរជាច្រើនរួមទៀត ។
សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានសម្រេចព្រមព្រៀងគ្នាលើជម្រើសមួយចំនួន ដើម្បីសម្រួលដល់ការចរាចរទំនិញចេញចូលរវាងប្រទេសទាំងពីរឲ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការរួមគ្នាពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ និងបទប្បញ្ញត្តិ នៃវិធានសុខាភិបាលរបស់ប្រទេសទាំងពីរ និងរក្សាឲ្យបាននូវស្ថិរភាពលំហូរចរាចរទំនិញនាំចេញ-នាំចូលឆ្លងកាត់ព្រំដែន ។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានឯកភាពផ្សព្វផ្សាយនូវដំណោះស្រាយទាំងនោះដល់ធុរជននៃប្រទេសទាំងពីរ ដើម្បីឲ្យធុរជនជ្រើសរើសយកការអនុវត្តដ៏សមស្របមួយក្នុងអំឡុងពេលនេះ
ដោយឡែកដើម្បីដោះស្រាយបញ្ហាចំពោះមុខ ភាគីទាំងពីរបានសម្រេចអនុវត្តជាបណ្តោះអាសន្ន នូវជម្រើសចំនួនពីរ គឺទី១ អនុញ្ញាតឲ្យមធ្យោបាយដឹកជញ្ជូនចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ និងទី២អនុញ្ញាតឲ្យមធ្យោបាយដឹកជញ្ជូនចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរក្បាលឡានសណ្ដោង ។
 ចំពោះជម្រើសនៃដំណោះស្រាយដែលបានព្រមព្រៀងគ្នា នឹងត្រូវបានយកមកអនុវត្ត ចំពោះគ្រប់មាត់ច្រកដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញ របស់ប្រទេសវៀតណាម ហើយភាគីទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ចសហការដោះស្រាយ នូវបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមានជាយថាហេតុ ។ យឹម សុថាន

ចែករំលែក៖