ភ្នំពេញ ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញទី១៩ ខែមីនា ឆ្នាំ២០២០ នៅការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ ខេត្តតៃនិញ ប្រទេសវៀតណាម មានកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដែលខាងភាគីកម្ពុជាសហដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អមដោយ សមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត រួមជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងប្រតិភូតំណាង ភាគីវៀតណាមដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និងសមត្ថកិច្ចពាក់ព័ន្ធនៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ ។
អង្គប្រជុំបានឯកភាពសម្រេចអនុវត្តដំណោះស្រាយចំពោះមុខចំនួន០៤ចំណុចដូចខាងក្រោមនេះ ៖
១-អនុញ្ញាតឱ្យរថយន្ត ដឹកទំនិញចូលដល់តំបន់ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ ។
២-អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ស ហើយប្តូរក្បាលឡានសណ្តោង ។
៣- អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ស ហើយធ្វើការផ្ទេរទំនិញឬលើកផ្ទេរ កុងតែន័រពីរថយន្តភាគីម្ខាងទៅដាក់លើរថយន្តភាគីម្ខាងទៀត ។
៤-អនុញ្ញាតឱ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញនិងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយ តម្រូវឱ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និងសូមឱ្យ សមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជាជួយសហការធានាថាអ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យ ទាក់ទងជាមួយអ្នកផ្សេង ។
យោងតាមស្មារតីនៃអង្គប្រជុំ ភាគីទាំងពីរបានឯកភាពផ្សព្វផ្សាយនូវដំណោះស្រាយទាំងនេះទៅដល់ធុរជនដែល មានការពាក់ព័ន្ធដល់ការដឹកជញ្ជូនទំនិញ ហើយធុរជនអាចជ្រើសយកជម្រើសមួយណាក៏បាន ដែលល្អសម្រាប់ពួកគាត់ ដោយអនុវត្តតាមវិធានការពារដែលណែនាំដោយចត្តាឡីស័ក ដើម្បីដោះស្រាយការកកស្ទះនៅព្រំដែន ភាគីទាំងពីរបានសម្រេចអនុញ្ញាតឱ្យអនុវត្តភ្លាម ហើយសម្រាប់ថ្ងៃនេះគឺ សមត្ថកិច្ចពាក់ព័ន្ធទាំងសងខាង ឯកភាពសម្រួលអនុញ្ញាតឱ្យធ្វើប្រតិបត្តិការរហូតដល់ម៉ោង ១០យប់។
ដំណោះស្រាយទាំង៤ជម្រើសខាងលើនេះ នឹងត្រូវបានយកមកអនុវត្តចំពោះគ្រប់មាត់ច្រកដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញរបស់ប្រទេស វៀតណាម និងបានឯកភាពគ្នាបន្តកិច្ចសហការដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខដែលអាចកើតមានជាយថាហេតុ ៕ ដោយ ៖ សុខខេមរា