នៅថ្ងៃទី២១ ខែមីនានេះ នៅទូទាំងប្រទេសថៃ មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៨៩នាក់ថែមទៀត ដែលវាជាអត្រា ឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុត នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក តាវីស៊ីន វិសាណុយោធិន (Taweesin Wisanuyothin) បានបញ្ជាក់ថា ករណីថ្មីទាំងអស់ខាងលើ សុទ្ធតែ ជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ រួមមានការទស្សនាកីឡាប្រដាល់ ការជួបជុំនៅកន្លែងកម្សាន្តមួយកន្លែង និងការចូលរួមពិធីជួបជុំសាសនាទ្រង់ទ្រាយធំមួយ នៅក្នុង ប្រទេសម៉ាឡេស៊ី។
ក្នុងចំណោមអ្នកឆ្លងទាំង៤១១នាក់នៅថៃ មាន៣៦៦នាក់ កំពុងបន្តទទួលការព្យាបាលនៅមន្ទីរពេទ្យ ៤៤នាក់បានចាក ចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយពីជំងឺ និងម្នាក់បានបាត់បង់ជីវិត។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី ណារ៉ូម៉ន ពីនយ៉ូស៊ីវ៉ាត(Narumon Pinyosinwat) បានបញ្ចាក់ថានាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ស្នើរដល់ពលរដ្ឋចូលរួមសហការដើម្បីទប់ស្កាត់ការឆ្លងរាលដាល ដោយពលរដ្ឋមិនត្រូវចេញពីផ្ទះឡើយ ក៏ដូចជាធ្វើដំណើរពីតំបន់មួយទៅកាន់តំបន់មួយ។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អាណុបពង់ ផៅចន្តា បានប្រកាសថាបណ្តាលខេត្តនានានឹងត្រូវ បិទទីកន្លែងកម្សាន្តទាំងអស់ក្នុងរយៈពេល ១៤ថ្ងៃ ។ បណ្តាលអភិបាលខេត្តទាំងអស់នៅតាមព្រំដែន គឺត្រូវបិទចាប់ពីថ្ងៃទី២២ខែមីនា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កាន់តែខ្លាំងឡើង៕