ព័ត៌មានទាន់ហេតុការណ៍៖

ការឆ្លងកូវីដ-១៩​នៅថៃ ដល់ទៅជិត​២០០នាក់ក្នុងមួយថ្ងៃជាក្តីបារម្ភដល់តំបន់ទាំងមូល

ចែករំលែក៖

ទីក្រុងបាងកក៖ សារព័ត៌មានស៊ីនហួ បានផ្សាយ​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០បញ្ជាក់ថា៖ ក្រសួងសុខាភិបាល​សាធារណៈ​ប្រទេសថៃ​បាន​ថ្លែងការណ៍​បញ្ជាក់ថា ករណីជំងឺកូវីដ ១៩ ថ្មី​ចំនួន​១៨៨​ករណី ត្រូវបានកត់ត្រា​ក្នុងមួយថ្ងៃ គឺជាការកើនឡើង​ដ៏ខ្ពស់បំផុត​ចាប់តាំងពីជំងឺនេះឆ្លងរាតត្បាត​​នៅក្នុងប្រទេសថៃ ។ ប្រទេសនេះ មានកត់ត្រាថា អ្នកជំងឺ​កូវីដ ១៩​ មួយនាក់​បានបាត់បង់ជីវិត និង៤៥នាក់​ចាកចេញពីមន្ទីរពេទ្យ ។
គួរជម្រាបជូនថា ជំងឺកូវីដ ១៩ ផ្ទុះឡើងដំបូង​គេនៅក្នុងខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងវូហាន ខេត្តហ៊ូប៊ី ភាគកណ្តាលរបស់ប្រទេសចិន ។
យោងតាមគេហទំព័រ wikipedia បញ្ជាក់​នៅថ្ងៃទី២២ ខែមីនា ថា រហូតមកដល់ពេលនេះ ជំងឺ​កូវីដ ១៩ បានឆ្លង​ពាសពេញពិភពលោក នៅប្រទេស និងតំបន់​​សរុបចំនួន១៧១ ។ ឆ្លងលើមនុស្សសរុប ៣០៨ ៥៧២ នាក់ ក្នុងនោះបាត់បង់ជីវិត​ ១៣ ០៦៨ នាក់ និង​ ៩៥៨២៨នាក់ ​បានចាកចេញពីមន្ទីរពេទ្យ ។
អង្គការសុខភាពពិភពលោក WHO បានប្រកាសអាសន្ន ហើយចាត់ទុកជំងឺកូវីដ ១៩ ជាជំងឺរាតត្បាត​ពិភពលោក ។ មកទល់ពេលនេះ មិនទាន់​មានស្ថាប័នជំនាញ​ពាក់ព័ន្ធណាមួយ​រកឃើញ​ឱសថ​ព្យាបាលជាក់លាក់ ឬវាក់សាំង​បង្ការ​នៅឡើយទេ ។
នៅប្រទេសអ៊ីតាលី ករណីជំងឺកូវីដ ១៩ នេះ ឆ្លង និងស្លាប់​អ្នកជំងឺ​ច្រើនជាងគេបំផុត បន្ទាប់ពីប្រទេសចិន ។ ប្រទេសចិន​មានអ្នកឆ្លងកូវីដ ១៩ សរុប ៨១ ០៥៤ នាក់, បាត់បង់ជីវិត ៣២៦១នាក់ និង​៧២ ២៤៤នាក់ ជាសះស្បើយចាកចេញពីមន្ទីរពេទ្យ ។ ចំណែកអ៊ីតាលីវិញ មានអ្នកឆ្លង​៥៣ ៥៧៨នាក់, បាត់បង់ជីវិត​ ៤៨២៥ នាក់ និង ៦ ០៧២នាក់ចាកចេញពីមន្ទីរពេទ្យ ។
ចំណែក​សហរដ្ឋអាមេរិក ឈរលំដាប់ទី៣ មានអ្នកឆ្លងកូវីដ ១៩ ច្រើនជាងគេ ។ តាមប្រភពដដែលនេះ​អះអាងថា សហរដ្ឋអាមេរិក​មានអ្នកឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន ២៧ ១១១នាក់, បាត់បង់ជីវិត ៣៤០នាក់ និង​១៧៦នាក់​បានចាកចេញពីមន្ទីរពេទ្យ ៕ ម៉ែវ សាធី


ចែករំលែក៖