ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត ចុះពិនិត្យនៅទីតាំងសណ្ឋាគារវ៉ៃគោ និងផ្ទះសំណាក់ស្វាយរៀង ដើម្បីដាក់ចេញនូវវិធានការចំពោះមុខឆ្លើយតបទៅនឹងស្ថានការ នៃការរីករាលដាល នៃជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង ៖នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំមន្ទីរ អគារ ខ សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីដាក់ចេញនូវវិធានការចំពោះមុខឆ្លើយតបទៅនឹងស្ថានការ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើពិភពលោក ។
មានប្រសាសន៍ក្នុងឱកាសនោះលោកអភិបាលខេត្ត បានបញ្ជាក់ថារហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជារបស់យើងមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៦នាក់ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន ១៣ ហើយបើទោះបីជាខេត្តស្វាយរៀងមិនទាន់មានអ្នកឆ្លងជំងឺកូវីត-១៩ ក៏ពិតមែន ប៉ុន្តែយើងក៏មិនត្រូវធ្វេសប្រហែសនោះដែរ គឺត្រូវតែមានវិធានការការពារឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាល នៃជំងឺនេះ ដោយរដ្ឋបាលខេត្ត គឺនៅតែបន្ត និងអនុវត្តឲ្យកាន់តែសកម្មថែមទៀតនូវការផ្សព្វផ្សាយអប់រំណែនាំឲ្យកាន់តែទូលំទូលាយ និងផុសផុសជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត នូវវិធានការបង្ការ វិធានការអនាម័យ និងវិធានការចត្តាឡីស័កដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹងការអនុវត្តវិធានការទាំងនេះ នៅតាមបណ្ដាអង្គភាពរដ្ឋ ឯកជន និងរោងចក្រ សហគ្រាសទាំងអស់នៅក្នុងខេត្ត ។
ជាមួយនេះ ដើម្បីជាចំណែកមួយនៃការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះមុខគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង ដោយមានការឯកភាពយល់ព្រមពីម្ចាស់ទីតាំង បានសម្រេចជ្រើសរើសយកសណ្ឋាគារវ៉ៃគោ និងផ្ទះសំណាក់ស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង រៀបចំជាទីតាំងត្រៀមបម្រុងទុកសម្រាប់ការពិនិត្យ ព្យាបាលប្រជាពលរដ្ឋក្នុងខេត្ត ដែលមានការសង្ស័យ ឬមានផ្ទុកជំងឺកូវីដ-១៩ ។
ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ ឬប្រទេសផ្សេងទៀត ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់គណៈកម្មការខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃមករដ្ឋបាលខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងក្រុមការងារ ក៏បានចុះពិនិត្យជាក់ស្ដែងនៅទីតាំងសណ្ឋាគារវ៉ៃគោ និងផ្ទះសំណាក់ស្វាយរៀង ដែលគ្រោងនឹងប្រើប្រាស់ជាទីកន្លែងត្រៀមបម្រុងទុកសម្រាប់ការពិនិត្យ ព្យាបាលជំងឺកូវីត-១៩ ផងដែរ ៕ យឹម សុថាន

ចែករំលែក៖