ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចម៉ូតូរបស់នារីម្នាក់បានសម្រេចលុះជាងកន្លះខែក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

 

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានចេញពីផ្ទះក្នុងគោលបំណងសុំថៅកែម្ចាស់សិប្បកម្មផលិតឥដ្ឋរកការងារធ្វើ តែមិនជួបថៅកែម្ចាស់សិប្បកម្ម ឃើញម៉ូតូនារីម្នាក់ទុកនៅក្នុងផ្ទះរបស់ថៅកែ ក៏ធ្វើសកម្មភាពលួចជិះទៅបាត់ លុះជាងកន្លះខែក្រោយកត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចយានដ្ឋានជួសជុលរថយន្ត ហេង ហេង ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ា ឈុនលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ដដឹកឥដ្ឋ មានទីលំនៅភូមិខ្ចៅ ឃុំស្វាយពន្ធ័ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកនារីរងគ្រោះឈ្មោះ សឿង ដានី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកឥដ្ឋ បច្ចុប្បន្នស្នាក់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល។ ដោយឡែកសម្ភារបាត់បង់មាន៖ ម៉ូតូម៉ាកហុងដា ធុនសេ125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HF.3600ចំនួន១គ្រឿង ។
ប្រភពដដែលបន្ដថា ជនសង្ស័យធ្លាប់មកធ្វើជាកម្មករបើករថយន្ដដឹកឥដ្ឋឲ្យម្ចាស់សិប្បកម្មម្ដងរួចមកហើយ តែបានជាង១០ថ្ងៃក៏ឈប់ធ្វើការងារត្រឡប់ទៅផ្ទះរបស់ខ្លួននៅឯខេត្ដកំពង់ចាមវិញទៅ ។ លុះមកដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យបានចេញពីផ្ទះរបស់ខ្លួននៅឯខេត្ដកំពង់ចាម មកផ្ទះថៅកែសិប្បកម្មវិញ ក្នុងគោលបំណងសុំធ្វើការងារវិញ តែមិនជួបថៅកែទេ ភ្លាមនោះជនសង្ស័យក៏ឃើញម៉ូតូជនរងគ្រោះទុកនៅក្បែនោះ ហើយខ្លួនមានសោរស្រាប់ដែលខ្លួនបានចម្លងទុកកាលពីនៅធ្វើការជាមួយគ្នាពីមុនមក ក៏ធ្វើសកម្មភាពលួចជិះចេញទៅបាត់តែម្ដង ។ ក្រោយមកនារីរងគ្រោះបានដាក់ពាក្យបណ្ដឹងមកប៉ុស្ដិ៍នគរបាលព្រែកអញ្ចាញដើម្បីស្រាវជ្រាវចាត់ការតាមច្បាប់ ។ លុះជាងកន្លះខែក្រោយមក មកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះជាម្ចាស់ម៉ូតូដឹងថា ជនសង្ស័យកំពុងដូរកង់រថយន្ដនៅចំណុចយានដ្ឋានជួសជុលរថយន្តហេងហេង ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ភ្លាមនោះក៏ហៅប្ដីរបស់ខ្លួនទៅធ្វើការឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកអញ្ចាញតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ សឿង ដានី កាលពីថ្ងៃទី៥ ខែមីនាឆ្នាំ ២០២០ វេលាម៉ោង១០និង០០នាទី ចំណុចផ្ទះរបស់ឈ្មោះ ស៊ុន លាងហ៊ួរ ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖